ចលនាសង្គ្រោះជាតិនឹងចាត់វិធានការយ៉ាងហោចណាស់៥យ៉ាង បើសិនជាCNRPមិនបានចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨

ចលនាសង្គ្រោះជាតិនឹងចាត់វិធានការយ៉ាងហោចណាស់៥យ៉ាង បើសិនជាCNRPមិនបានចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨

378
0
SHARE

(ប៉ារីស)៖ លោក សម​ រង្ស៊ី​ ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជារាស្ត្រខ្មែរទាំងមូល គ្រប់មជ្ឈដ្ឋាន គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ ព្រមទាំងក្នុងជួរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួបរួមគ្នាជាធ្លុងមួយដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី ដោយមិនត្រូវបណ្ដោយឲ្យលោក ហ៊ុន សែន ចាប់ប្រជារាស្ត្រខ្មែរធ្វើជាចំណាប់ខ្មាំងរបស់គាត់ ហើយក៏មិនត្រូវឲ្យគាត់ធ្វើឲ្យប្រជារាស្ត្រខ្មែររងគ្រោះដោយសារគាត់ និងជំនួសគាត់ទៀតទេ។

សេចក្ដីអំពាវនាវរបស់ លោក សម​ រង្ស៊ី បានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី០៧ ខែមេសា កន្លងទៅ។

រូបភាព លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីនាពេលកន្លងមក។

នៅក្នុងបទសម្ភាសន៍ លោក សម​ រង្ស៊ី បញ្ជាក់ថាមិនមែនមានតែគណបក្សសង្គ្រោះជាតិ ដែលគេអះអាងថាគេរំលាយនោះទេ តែនៅមានចលនាសង្គ្រោះជាតិទៀត។ លោកថា ចលនាសង្គ្រោះជាតិហ្នឹង គឺធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ចលនាសង្គ្រោះជាតិ គឺមានក្បាលម៉ាស៊ីន មានអ្នកដឹកនាំពិគ្រោះយោបល់ធ្វើសេចក្ដីសម្រេច មានសេរីភាព មានមធ្យោបាយធ្វើការ ហើយមានគម្រោងកាងារ ដែលបានចាប់ផ្ដើមធ្វើជាបន្តបន្ទាប់ហើយ។

លោក សម​ រង្ស៊ី ថ្លែងថា បើសិនជាគណបក្សសង្គ្រោះជាតិ មិនត្រូវបានលោក ហ៊ុន សែន អនុញ្ញាតិឲ្យចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ នោះចលនាសង្គ្រោះជាតិ នឹងបំផុសសកម្មភាពច្រើនបែបយ៉ាង យ៉ាងហោចណាស់ ៥ យ៉ាង៖

សកម្មភាពទី ១៖ គឺនៅលើឆាកអន្តរជាតិ ដែលចលនាសង្គ្រោះជាតិកំពុងតែធ្វើ យើងនឹងជម្រុញឲ្យសហគមន៍អន្តរជាតិ កាត់កាល កុំទទួលស្គាល់រដ្ឋាភិបាលហ៊ុន សែន ដែលចេញពីការបោះឆ្នោតលែងសើច ដែលគ្មានគណបក្សសង្គ្រោះជាតិ ចូលរួម។

កិច្ចការទី ២៖ គឺលើវិស័យសេដ្ឋកិច្ច គឺកុំឲ្យសហគមន៍អន្តរជាតិផ្ដល់ជំនួយ ឬឲ្យលុយ លុយដែលហ៊ុន សែន យកឈ្មោះប្រជាពលរដ្ឋខ្មែរទៅខ្មីលុយ ដើម្បីពង្រឹងអំណាចរបស់គាត់ ទិញសន្លឹកឆ្នោត អីហ្នឹង (លុយដែលហ៊ុន សែន យកឈ្មោះប្រជាពលរដ្ឋខ្មែរទៅខ្មីលុយ ដើម្បីពង្រឹងអំណាចរបស់គាត់ ទិញសន្លឹកឆ្នោត គឺវាតិចតួចណាស់បើប្រៀបធៀបទៅនឹងលុយដែលគាត់បានមកពីការបំផ្លាញជាតិ)។ សេដ្ឋកិច្ចកម្ពុជានៅពេលឥឡូវនេះគឺអាស្រ័យទៅនឹងការខ្ចីលុយគេ។ បើគេបិទលែងឲ្យខ្ចីលុយ សេដ្ឋកិច្ចកម្ពុជានឹងជួបផលវិបាក ហើយនៅពេលនោះ រដ្ឋាភិបាលហ៊ុន សែន មិនអាចដំណើរការបានទេ គឺសេដ្ឋកិច្ចកម្ពុជាឡុងចុង។

វិស័យទី ៣៖ គឺចលនាសង្គ្រោះជាតិនឹងអំពាវនាវឲ្យប្រជារាស្ត្រខ្មែរធ្វើបាតុកម្ម ធ្វើសកម្មភាព ដោយអហិង្សា ដោយសន្តិវិធី គឺកុំសហការជាមួយរដ្ឋាភិបាលដែលមិនគោរពឆន្ទៈប្រជារាស្ត្រ ទៅជារដ្ឋាភិបាលផ្ដាច់ការ រដ្ឋាភិបាលបំផ្លិចបំផ្លាញជាតិ យើងមិនត្រូវសហការជាមួយទេ យើងត្រូវតែយកឳកាសណាដើម្បីបង្ហាញការមិនពេញចិត្តរបស់យើង។

សកម្មភាពទី ៤៖ ចលនាសង្គ្រោះជាតិនឹងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងតែធ្វើបាតុកម្ម ធ្វើកូដកម្មអហិង្សា ដោយសន្តិវិធី។ ពេលនោះប្រជារាស្ត្រនឹងមានកម្លាំងចិត្តផុសផុលងើបឈរកាន់តែខ្លាំង ហើយយើងមិនត្រឹមតែអំពាវនាវសុំឲ្យកងកម្លាំងប្រដាប់អាវុធ កុំបាញ់ប្រហារប្រជារាស្ត្រទេ យើងអំពាវនាវសុំឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ គាំទ្រប្រជារាស្ត្រ ឈប់គាំទ្រពួកជនផ្ដាច់ការ។

វិធានការទី ៥៖ ចលនាសង្គ្រោះជាតិនឹងអំពាវនាវឲ្យមានការរួបរួមជាតិមួយ ជាធ្លុងមួយ សុំឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹងថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន គឺដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកមហន្តរាយ ក្នុងប្រវត្តិសាស្ត្រ។ ប្រជារាស្ត្រខ្មែររាប់លាននាក់បាត់បង់ដីធ្លី បាត់បង់មុខរបរ មិនបានរស់នៅលើទឹកដីកំណើត ចំណាកស្រុករាប់លាននាក់ ហើយប្រទេសយើងខ្ទេចខ្ទីទាំងអស់ ហ៊ុន សែន លក់ខ្ទេចលក់ខ្ទី ព្រៃឈើ បឹង ស្ទឹង ទន្លេ យើងឃើញអស់ហើយ ហើយមិនត្រឹមតែប៉ុនណឹងទេ ហ៊ុន សែន នាំជនបរទេសទាំងយួនទាំងចិនចូលមកដណ្ដើមដីធ្លីដណ្ដើមការងារ ពីប្រជារាស្ត្រខ្មែរ ឲ្យប្រជារាស្ត្រខ្មែររស់ក្រោមអាណានិគមចិន អាណានិគមយួន។ ប្រជារាស្ត្រខ្មែរ បើទោះជាគាំទ្រគណបក្សណាក៏ដោយ ក៏មិនត្រូវគាំទ្រឲ្យ ហ៊ុន សែន បន្តបំផ្លាញជាតិយើងតទៅទៀតដែរ។ ខ្ញុំជឿថា នៅក្នុងជួូរគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកស្នេហាជាតិច្រើនណាស់ អ្នកដែលឈឺចាប់ អ្នកដែលអាណិតអាសូរប្រជារាស្ត្រ ដែលព្រួយបារម្ភអំពីវាសនាប្រទេសជាតិ យើងជឿជាក់ថាយើងនឹងអាចធ្វើការជាមួយនឹងមន្ត្រី ជាមួយនឹងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើន ដើម្បីស្រោចស្រង់ជាតិយើងឲ្យទាន់ពេលវេលា៕

សម រង្ស៊ី៖ “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។
ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។
គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។”
រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។
រូបភាព៖ លោកសមរង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ដៃគ្នានៅខែធ្នូឆ្នាំ ១៩៩៧ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងនៅឯគេហដ្ឋានរបស់លោក ហ៊ុន សែន។ AFP
រូបភាពនៃវប្បធម៌សន្ទនា នាពេលកន្លងមក។
(រូបភាពពី Facebook)