តិចមិនដឹងពីដើមកំណើតគណបក្សសង្គ្រោះជាតិ!

តិចមិនដឹងពីដើមកំណើតគណបក្សសង្គ្រោះជាតិ!

719
0
SHARE
រូបភាពឯកសារ៖ លោក សម រង្ស៊ី និងលោក កឹម សុខា និមិត្តរូបនៃគណបក្សសង្គ្រោះជាតិ។
Loading...

(ប៉ារីស)៖ លោក ស៊ុន ចន្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ តាមរយៈបណ្ដាញសង្គម បានទម្លាយឯកសាររៀបរាប់ពីដើមកំណើតគណបក្សសង្គ្រោះជាតិ។ អតីតជំនួយការផ្ទាល់ លោក សម រង្ស៊ី រូបនេះ ហាក់មានចេតនាដាស់តឿនដល់មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងតែបំភ្លេចដើមកំណើតរបស់ខ្លួន និងជាការបង្ហាញដល់សាធារណជន ក៏ដូចជាអ្នកគាំទ្រ ឲ្យបានដឹងពីដើមកំណើតរបស់គណបក្សប្រឆាំងដ៏ធំមួយនេះផងដែរ។

ភ្ជាប់ជាមួយនឹងឯកសារ លោក ស៊ុន ចន្ធី បានសរសេររៀបរាប់ថា៖ “ប្រវត្តិសាស្រ្តបានសរសេរទុករួចហើយ ដូច្នេះគ្មាននរណាម្នាក់អាចបដិសេធការពិតនេះបានឡើយ។ នេះគឺជាប្រភពកំណើតនៃអតីតគណបក្សសង្រ្គោះជាតិ។”

យោងតាមឯកសារដែលលោក ស៊ុន ចន្ធី បានទម្លាយបានឲ្យដឹងថាគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងដោយការបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
គណបក្ស សម រង្ស៊ី មានប្រភពដើមពីគណបក្សជាតិខ្មែរ បង្កើតឡើងនៅឆ្នាំ១៩៩៥។ គណបក្ស សម រង្ស៊ី មានក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតក្នុងតំណែងចំនួន ២,១៥៥នាក់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ៥៧៩នាក់, ព្រឹទ្ធសភាចំនួន ១១នាក់ និងតំណាងរាស្ត្រចំនួន ២៦នាក់ គិតត្រឹមឆ្នាំ២០១២។
គណបក្សសិទ្ធិមនុស្ស បានបង្កើតឡើងនៅឆ្នាំ២០០៧។ គណបក្សនេះមានក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតក្នុងតំណែងចំនួន ៨០០នាក់ និងតំណាងរាស្ត្រចំនួន ០៣នាក់ គិតត្រឹមឆ្នាំ២០១២។

បន្ថែមពីលើនេះ លោក ស៊ុន ចន្ធី ក៏បានបង្ហាញពីលិខិតចុះបញ្ជីរបស់គណបក្សសង្រ្គោះជាតិនៅក្រសួងមហាផ្ទៃផងដែរ ដែលមានឈ្មោះ លោក សម រង្ស៊ី ជាប្រធានគណបក្ស និងជាអ្នកស្នើចុះបញ្ជី។

គួរបញ្ជាក់ផងដែរថា គណបក្សជាតិខ្មែរដែលក្រោយមកជា គណបក្ស សម រង្ស៊ី បានក្លាយជាគណបក្សប្រឆាំងដំបូងបង្អស់នៅកម្ពុជា ក្រោយពីបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដំបូងរបស់ខ្លួននៅអាណត្តិទី០២ ឆ្នាំ១៩៩៨ និងបានឈ្នះអាសនៈសភាចំនួន១៥៕

 

រូបភាពឯកសារ៖ លិខិតស្នើចុះបញ្ជី គណបក្សសង្គ្រោះជាតិ នៅក្រសួងមហាផ្ទៃ ដោយលោក សម រង្ស៊ី។

 

រូបភាពឯកសារ៖ គណៈកម្មការបណ្តោះអាសន្នបក្សសង្រ្គោះជាតិ។
ពីឆ្វេងទៅស្ដាំ៖ លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញរឹទ្ធ លោកស្រី មូ សុខហួរ លោក ប៉ុល ហំម លោក ស៊ុន ចន្ធី និងលោក សាម ស៊ុនឌឿន។
រូបភាពឯកសារ៖ សមាជគណបក្សសង្រ្គោះជាតិលើកទី១ ថ្ងៃទី០៧ មេសា ២០១៣។
រូបភាពឯកសារ៖ លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣។ (រូបភាព ហ្វេសប៊ុក)