តំណាងរាស្ត្រមណ្ឌលព្រៃវែងមួយរូប ថា «លោក សាម អ៊ីន មានគំនិតគិតរួញ»

តំណាងរាស្ត្រមណ្ឌលព្រៃវែងមួយរូប ថា «លោក សាម អ៊ីន មានគំនិតគិតរួញ»

275
0
SHARE

(ប៉ារីស)៖ លោក ហេង ដាណារ៉ូ តំណាងរាស្ត្រមណ្ឌលព្រៃវែងនៃគណបក្សង្គ្រោះជាតិ បានប្រតិកម្មតបទៅនឹងការលើកឡើងរបស់អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក សាម អ៊ីន ដែលថា «ការអំពាវនាវរបស់លោក សម រង្សុី មិនឲ្យពលរដ្ឋទៅបោះឆ្នោតនឹងផ្តល់ផលវិបាកធំ២ សម្រាប់អនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ហើយលោក សាម អ៊ីន ថា«ការអំពាវនាវរបស់លោក សម រង្សុី គឺជាការគិតខ្លី»។

ជាការឆ្លើយតប លោក ហេង ដាណារ៉ូ បានសរសេរនៅលើគណនីយហ្វេសប៊ុក Facebook របស់លោក ចំអកឲ្យលោក សាម អ៊ីន ថា «គំនិតលោកសម រង្ស៊ី គិតខ្លី ឬគំនិត សាម អ៊ីន គិតរួញ?»។

តំណាងរាស្ត្រមណ្ឌលព្រៃវែងរូបនេះ បានគូសបញ្ជាក់ថា «ការតស៊ូមតិគឺមានគ្រប់រូបភាពក្នុងនាមប្រជារាស្រ្តខ្មែរ ដេីម្បីការផ្លាស់ប្ដូរ»។ លោកបន្តថា «មិនមែនទាល់តែចេញមុខតតាំងទេីបហៅថាអ្នកស្នេហាជាតិនោះទេ ការមិនចូលរួមបំផ្លាញជាតិ ក៏ចាត់ទុកជាអ្នកស្នេហាជាតិដែរ»។

លោក ហេង ដាណារ៉ូ បន្ថែមថា «ការសម្រេចចិត្តរបស់ប្រជាេពលរដ្ឋមិនទៅបោះឆ្នោត គឺជាការចូលរួមក្នុងការផ្លាស់ប្ដូរដោយអហិង្សា»។ លោកបន្ថែមទៀតថា «Mahatma Gandhi ក៏ប្រេីយុទ្ធសាស្រ្តមិនទិញ មិនសហការដែលធ្វេីអោយប្រជាជនឥណ្ឌា ទទួលបានជោគជ័យលេីពួកអាណានិគមនិយមអង់គ្លេស»។

លោក ហេង ដាណារ៉ូ សង្កត់ធ្ងន់ថា «ឱកាសរបស់ប្រជារាស្រ្តខ្មែរបានមកដល់ហេីយ ការមិនចូលរួមបន្តអំណាចអោយជនផ្ដាច់ការ គឺការសម្រេចចិត្តមិនទៅបោះឆ្នោត បេីគ្មានវត្តមានគណបក្សសង្គោះជាតិពិតប្រាកដ»។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ លោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងនៅលើគណនីយហ្វេសប៊ុក Facebook របស់លោកយ៉ាងដូច្នេះថា៖

“ការអំពាវនាវរបស់លោក សម រង្សុី មិនឲ្យពលរដ្ឋទៅបោះឆ្នោតនឹងផ្តល់ផលវិបាកធំ២ សម្រាប់អនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖
១) ការនេះនឹងជួយគណបក្សប្រជាជនដោយប្រយោល ពីព្រោះអ្នកដែលចង់បានការផ្លាស់ប្តូរមិនទៅបោះឆ្នោត នឹងផ្តល់លទ្ធផល គណបក្សប្រជាជននឹងគ្រប់គ្រងកៅអីសភាលើសពី ២ភាគ៣ ឬទាំងស្រុង ក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុននេះ។ ពេលនោះដំណើរការស្តារលទ្ធិប្រជាធិបតេយ្យនឹងកាន់តែលំបាក ពីព្រោះនិន្នាការទៅរកគ្រប់គ្រងអំណាចបែបឯកបក្សទាំងស្រុងកាន់តែខ្ពស់។
២) លោក សម រង្សុី ជាមនុស្សគិតខ្លី ដែលយល់ថាមានតែរូបគាត់ និងក្រុមគាត់អាចប្រឈមនឹងបក្សប្រជាជនបាន ដែលការនេះជាការផ្ញើរសារធ្វើឲ្យយុវជនខ្មែរ និងពលរដ្ឋខ្មែរអស់សង្ឃឹម និងបាត់បង់ភាពជឿជាក់លើខ្លួនឯង។
ក៏ប៉ុន្តែ ខ្ញុំមិនជឿថាប្រជាពលរដ្ឋភាគច្រើននឹងស្តាប់ការអំពាវនាវដែលគិតខ្លីនេះ។”

គួរបញ្ជាក់ថា នៅក្នុងបទសម្លាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី០៧ ខែមីនា កន្លងទៅនេះ លោក សម រង្ស៊ី បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ កុំទៅបោះឆ្នោតឲ្យសោះ នៅថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខនេះ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិ លើសន្លឹកឆ្នោតទេ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវផងដែរ កុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទៅចូលរួមឃ្លាំមើលការបោះឆ្នោតបែបនេះឲ្យសោះ ពីព្រោះវាជាការបោះឆ្នោតក្លែងក្លាយ រៀបចំឡើងគ្រាន់តែដើម្បីឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ឈ្នះយ៉ាងងាយ ដោយបំបាត់គូប្រកួតពិតប្រាកដតែមួយគត់ គឺគណបក្សសង្គ្រោះជាតិ៕

លោក ហេង ដាណារ៉ូ នៅជាប់ខាងឆ្វេងដៃ លោក សម រង្ស៊ី
លោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន