ទស្សនៈ “យើងមិនយកខ្មែរណាធ្វើជាសត្រូវនោះឡើយ”

ទស្សនៈ “យើងមិនយកខ្មែរណាធ្វើជាសត្រូវនោះឡើយ”

154
0
SHARE

(ប៉ារីស) ៖ “យើងមិនយកខ្មែរណាធ្វើជាសត្រូវនោះឡើយ” ជាទស្សនៈមួយ ដែលយើងតែងតែឮ និងចងចាំជានិច្ច តាមរយៈសារនយោបាយរបស់លោក សម រង្ស៊ី និងឥស្សរៈជននយោបាយមួយចំនួន បានថ្លែងនៅចំពោះពលរដ្ឋខ្មែរទូទៅ។ ទស្សនៈនេះដែរ ក៏ត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន បានយល់ច្បាស់ថា ជាទស្សនៈមួយ ចង់ឆ្លុះបញ្ចាំង ពីគោលបំណងនៃការរួបរួមរវាងខ្មែរ និងខ្មែរ ឲ្យក្លាយជាបងប្អូនគ្រួសារ ដែលមានឈាមជ័រជាខ្មែរតែមួយ បើទោះជាខ្មែរមួយចំនួន ប្រកាន់យកនិន្នាការនយោបាយ ឬប្រកាន់ក្រុម​ បក្សពួក ខុសគ្នាយ៉ាងណាក៏ដោយ។

ដើម្បីឲ្យទស្សនៈនេះ មានតម្លៃកាន់តែប្រសើនោះ លុះត្រាតែយើងប្រព្រឹត្តទាំងកាយ​ វាចារ​ និងចិត្ត ដោយមិនមែនល្អមើលតែខាងក្រៅនោះទេ ជាគំរូដូចលោក សម រង្ស៊ី។ លោក សម រង្ស៊ី នៅពេលដែលលោកចាប់ផ្តើមជីវិតជាអ្នកនយោបាយ លោកបានប្រព្រឹត្តយ៉ាងខ្ជាប់ខ្ជួន ដោយស្រឡាញ់ និងចាប់ទុកប្រជាពលរដ្ឋខ្មែរ ដូចជាអាយុជីវិតរបស់លោក មិនតែប៉ុណ្ណោះ រូបលោកបានប្តេជ្ញា នឹងនាំយកលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ មកជូនប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជា ឲ្យទាល់តែបាន ប្រកបដោយសន្តិវិធី និងគ្មានហឹង្សា បើទោះជារូបលោកជួបស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ អ្វីដែលលោក សម រង្ស៊ី បានធ្វើ និងកំពុងបន្តធ្វើនោះ គឺលោកគ្រាន់តែចង់ឃើញ ប្រជាពរដ្ឋខ្មែរ នៅក្នុងមាតុភូមិកម្ពុជា រស់នៅក្នុងភាពសុខសាន្ត គ្មានការជិះជាន់លើសិទ្ធិសេរីភាព មានច្បាប់ និងយុត្តិធម៌ត្រឹមត្រូវ រស់ពោរពេញដោយស្នាមញញឹម និងមានសេចក្តីសង្ឃឹមជានិិច្ច។

បច្ចុប្បន្ននេះ បើទោះជាមានការលាបពណ៌ ឬចោទប្រកាន់មកលើលោកគ្រប់រូបភាពយ៉ាងក៏ដោយ ក៏លោកប្រធាន សម រង្ស៊ី មិនបោះបង់ចោលនូវការតស៊ូ ចំពោះគោលដៅនៃការផ្លាស់ប្តូរនោះឡើយ។ លោកក៏បានលើកឧទាហរណ៍យ៉ាងតូចមួយថា “នៅពេលយើងកំពុងធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយ នឹងជិតមកដល់គោលដៅហើយ ស្រាប់តែឃើញមានថ្មយ៉ាងធំមកបាំងចំពីមុខផ្លូវរបស់យើង តើយើងគួរតែធ្វើដូចម្តេចចំពោះដុំថ្មនោះ? ជាចម្លើយ គឺយើងគ្រាន់តែជិះបង្វៀងដុំថ្មនោះ រួចបន្តដំណើររបស់យើងតទៅមុខទៀត ព្រោះគោលដៅរបស់យើង គឺកៀកជិតបង្កើយ។ តួអង្គនៃថ្មមួយដុំនោះ គឺសំដៅលើរឿងកំប៉ិចកំប៉ុក ដែលមិនទាក់ទងនិងផលប្រយោជន៍ជាតិ ឬគ្មានតម្លៃណា ដែលយើងគួរឲ្យយកចិត្តទុកដាក់នោះឡើយ។ អ្វីទៅដែលជាគោលដៅរបស់យើង? គោលដៅរបស់យើង គឺជារឿងអាយុជីវិតជាតិរបស់យើងសព្វថ្ងៃ ដែលយើងគួររួមគ្នាដោះស្រាយ អស់ពីកម្លាំងកាយ និងកម្លាំងចិត្តនោះ។ បើសិនជាមានម្នាក់​ ឬពីរនាក់ កំពុងចង់ទាញយើង ឲ្យមករវល់និងរឿងឥតបានការនោះ គួរតែយើងរលាស់ដៃរបស់ពួកគេទាំងនោះចេញពីយើង ហើយទុកឲ្យគេធ្វើអ្វីដែលពួកគេចង់ធ្វើទៅចុះ។​ ប៉ុន្តែក្នុងនាមយើងជាខ្មែរដូចគ្នា អ្នកមិនមែនជាសត្រូវរបស់យើងនោះទេ សត្រូវពិតរបស់យើងនោះ គឺ​ អំពើអយុត្តិធម៌ អំពើរំលោភសិទ្ធិេសរីភាពនៃការរស់នៅ អំពើឈ្លានពានពីសំណាក់បរទេសជិតខាង និងអំពើទាំងឡាយណា ដែលប៉ះពាល់ដល់ផលប្រយោជន៍ ប្រជាជន និងប្រទេសកម្ពុជានោះប៉ុណ្ណោះ។

ប្រវត្តិសាស្រ្តច្រំដែលទៅហើយ ប៉ុន្តែ នៅតែមានខ្មែរមួយចំនួន កំពុងលង់លក់ក្រោមឥទ្ធិពលបំភ័ន្តភ្នែក បង្កើតប្រវត្តិសាស្រ្តក្លែងក្លាយ ដើម្បីបិទបាំងនូវទង្វើព្រៃផ្សៃ នៃស្រមោលពីអតីតកាល ដែលពួកគេបានធ្វើកន្លងមក។ នយោបាយវាតទីទឹកដី សំឡឹងមើលត្រើយខាងលិច​រប់ស់ ហូ ជីមិញ នេះហើយ ដែលធ្វើឲ្យខ្មែរអ្នកតស៊ូត្រូវបានបាត់បង់ជីវិតពីមួយជំនាន់ទៅមួយជំនាន់ ហើយថែមទាំងធ្វើឲ្យខ្មែរបាត់បង់ទឹកដី កម្ពុជាក្រោម ដោយយួនយកល្បិចប្រើដៃខ្មែរ សម្លាប់ខ្មែរ និងរហូតធ្វើឲ្យខ្មែរមួយចំនួន ច្រឡំថា សត្រូវទៅជាមិត្ត យល់ថា ឃាតករដែលសម្លាប់បងប្អូនគ្រួសារខ្លួន ទៅជាអ្នកសង្គ្រោះខ្លួនទៅវិញ។ អ្វីទាំងនេះ សបញ្ជាក់ថា បើយើងមិនខំប្រឹងរើបម្រះឲ្យទាន់ពេលវេលានោះទេ ច្បាស់ណាស់ ប្រទេសយើងនឹងក្លាយទៅជាប្រទេស​ចំណុះប្រទេសយួន ដូចប្រទេសឡាវ ជាមិនខាន។

គួររំឮកថា ដោយសារតែខ្មែរបែកបាក់គ្នានេះហើយ ទើបធ្វើឲ្យមហិច្ចតាបរទេសឈ្លានពាន នៅតែអាចបន្តដំណើរយ៉ាងរលូនបាន នៅលើទឹកដីកម្ពុជាដ៏កម្សត់មួយនេះ។ យើងជាខ្មែរ ជាបងប្អូននិងគ្នា យើងមានភាសាតែមួយដូចគ្នា ដូច្នេះ គ្មានអ្វីដែលខ្មែរ មិនអាចនិយាយគ្នាបាននោះទេ។ អតីតកាល គឺជាមេរៀនសម្រាប់បច្ចុប្បន្ន ហើយថ្ងៃអនាគត គឺជាភារកិច្ចរបស់យើង។​ យើងជាកុលបុត្រជំនាន់ក្រោយបន្តវេនពីបុព្វបុរស យើងជាអ្នកកសាងប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា អ្វីដែលយើងគួរធ្វើនោះ គឺការរួបរួមគ្នា ក្នុងស្មារតីស្នេហាជាតិតែមួយ បើទោះជាទស្សនៈខ្លះរបស់យើងមិនដូចគ្នាក៏ដោយ ក៏យើងអាចកាន់ដៃគ្នា ដើម្បីយកជ័យជំនះ សម្រាប់ជាតិ មាតុភូមិរបស់​យើង វាស្របទៅនិងទស្សនៈដែលបានលើកឡើងខាងលើថា “យើងមិនយកខ្មែរណាធ្វើជាសត្រូវនោះឡើយ”។

សរុបសេចក្តីមក “បើខ្មែរបែកបាក់ គឺខ្មែរនឹងបាត់ឈ្មោះពីពិភពលោក” ផ្ទុយមកវិញ “បើខ្មែររួបរួមគ្នា គឺខ្មែរនឹងក្លាយជាមហាអំណាច”៕

អត្ថបទដោយ ៖ លោក សម្បត្តិ សត្យា ជំនួយការផ្ទាល់ លោក សម រង្ស៊ី

លោក សម រង្ស៊ី
លោក សម រង្ស៊ី និងលោក កឹម សុខា និមិត្តរូបនៃគណបក្សសង្គ្រោះជាតិ
សម រង្ស៊ី៖ “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។
ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។
គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។”

លោក សម​រង្ស៊ី ជាមួយកម្លាំងស្នេហាជាតិ ក្នុងឆ្នាំ ១៩៩៧
លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣
Photo: ©Erika Pineros
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។