បណ្ឌិតសូ ណារ៉ូ សម្ដែងការសោកស្ដាយដែលមានបុគ្គល CNRP ខ្លះ ចង់បំបាត់«រូបភាពនិមិត្តរូបនៃសង្គ្រោះជាតិ»

បណ្ឌិតសូ ណារ៉ូ សម្ដែងការសោកស្ដាយដែលមានបុគ្គល CNRP ខ្លះ ចង់បំបាត់«រូបភាពនិមិត្តរូបនៃសង្គ្រោះជាតិ»

156
0
SHARE

(ប៉ារីស)៖ លោកបណ្ឌិត សូ ណារ៉ូ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូបនៅសហរដ្ឋអាមេរិក ដែលធ្លាប់ធ្វើជាជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានសម្ដែងការសោកស្ដាយដែលមានបុគ្គលនៅក្នុងគណបក្សសង្គ្រោះជាតិមួយចំនួន ចង់បំបាត់រូបភាពលោក សម រង្ស៊ី ចាប់ដៃគ្នាជាមួយលោក កឹម សុខា ដែលជារូបភាពនៃនិមិត្តរូបរបស់គណបក្សសង្គ្រោះជាតិ។

ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹករបស់គណបក្សសង្គ្រោះជាតិ នៅលើគណនីយហ្វេសប៊ុក Facebook របស់លោក លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងថា៖ «ទើបតែប៉ុន្មានឆ្នាំមុនរូបថតជាប្រត្តិសាស្រ្តទាំងនេះគឺជាមោទនភាពរបស់សមាជិក សមាជិកានៃមហាគ្រួសារសង្គ្រោះជាតិ ទាំងអស់គ្នា»។

លោកបន្តថា «ប៉ុន្តែពេលនេះមិនដូចមុនទៀតទេ ស្តាយណាស់មានបុគ្គល សង្គ្រោះជាតិ ខ្លះចាប់ផ្តើមស្អប់ខ្ពើមមិនចង់ឃើញរូបទាំងនេះបង្ហាញជាសាធារណះទៀតឡើយ។ គេចង់តែឃើញរូបថតមនុស្សដែលគេចង់ឃើញតែប៉ុណ្ណោះ»។

បណ្ឌិត សូ ណារ៉ូ បន្ថែមថា «ចំណែកមនុស្សផ្សេងទៀតគេចង់តែលុបចេញឲ្យបាត់ស្រមោលពីក្នុងរូបថតជាប្រវត្តិសាស្រ្តនេះកុំឲ្យរំខានមហិច្ចតាអំណាចដ៏ឯកោរបស់គេ»។

យ៉ាងណាក្ដី បណ្ឌិត សូ ណារ៉ូ បានព្រមានថា «បើស្មារតីដើមនៃរូបថតទាំងនេះមិនវិលមកវិញទេ ច្បាស់ណាស់ គណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញដ៏ខ្លាំងក្លាដូចមុនបានដែរ»។

រូបភាព៖ លោក សូ ណារ៉ូ និងលោក អេង ឆៃអ៊ាង ក្នុងវេទិការសាធារណៈមួយនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ

លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣។ (រូបភាព ហ្វេសប៊ុក)

គួរកត់សម្គាល់ថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ មានការចែកចាយនូវព័ត៌មានថា «កញ្ញា កឹម មនោវិទ្យា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ និងជាអគ្គនាយករងព័ត៌មាន និងកិច្ចការសាធារណៈ របស់គណបក្ស និងជាកូនស្រីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ បានប្រើពាក្យពេចន៍អសុរស់ព្រមានទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យឈប់ប្រើប្រាស់រូបភាពលោក កឹម សុខា ដែលជាឪពុករបស់កញ្ញា។

បើតាមព័ត៌មានដែលបានចែកចាយតៗគ្នា បានឲ្យដឹងថា ការព្រមានរបស់កញ្ញា កឹម មនោវិទ្យា បានធ្វើឡើងនៅក្នុងសារមួយ (Facebook Messenger) ដែលកញ្ញាបានផ្ញើទៅមន្ត្រីជំនិតរបស់លោក សម រង្ស៊ី ម្នាក់ ក្រោយពេលដែលទំព័រហ្វេសប៊ុក Facebook របស់លោក សម រង្ស៊ី បានបង្ហោះសារថា «ចលនាសង្គ្រោះជាតិ ធ្វើឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ» ដោយមានភ្ជាប់ជាមួយនឹងរូបថតរបស់លោក កឹម សុខា ផងដែរ ដែលរូបភាពនោះ គឺជានិមិត្តរូបនៃគណបក្សសង្គ្រោះជាតិ៕

លោក សម រង្ស៊ី និងលោក
កឹម សុខា និមិត្តរូបនៃគណបក្សសង្គ្រោះជាតិ
និមិត្តរូបនៃគណបក្សសង្គ្រោះជាតិ

សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ
សម រង្ស៊ី៖ “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។
ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។
គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។”