បទវិភាគ ៖ ដំណើរឆ្ពោះទៅសង្គ្រោះជាតិ

បទវិភាគ ៖ ដំណើរឆ្ពោះទៅសង្គ្រោះជាតិ

1221
0
SHARE

(ប៉ារីស) ៖ ការយល់ឃើញពីវីដេអូឯកសារ “ដំណើរឆ្ពោះទៅសង្គ្រោះជាតិ” ៖

១/- កោតសសើរសម្តេច ដែលក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ រំដោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏ព្រៃផ្សៃ។ (សសើរមែន, ចិត្តពិត)។ (គ្រាន់តែអាន ចំណុចទី១ នេះហើយ ប្រហែលមានអ្នកថា “ម្នាក់នេះ បើមិនលក់ខ្លួន ក៏លក់ក្បាលដែរ”, អានអោយដល់ចំណុចទី ១៤ សិន។)

២/- ប៉ុន្តែ, អ្នកណាបង្កើត ប៉ុល ពត (ឈប់និយាយ!)។ ហើយបើវៀតណាម មកសង្គ្រោះកម្ពុជាមែន ហេតុអី គ្រប់គ្រងកម្ពុជា១០ឆ្នាំ ទាល់តែ មាន ប៉ារីស ២៣តុលា៩១ ទើបដកទ័បចេញ។ (Well, ប្រធានបទនេះ ទុកពិភាក្សាគ្នា ១០០ឆ្នាំទៅក្រោយទៀត ក៏មិនចប់)។ កសាងជាតិ។

៣/- កាលនោះ ចំណុចត្រង់ថា ”ឆ្កែមានសិទ្ធិជាងមនុស្ស។” ខ្មែរពេលនេះ សុទ្ធតែខ្មែរ មិនគួរមានការលើកឡើងពីរឿងបិទទ្វារវៃឆ្កែម្តងហើយម្តងទៀតនោះទេ។ ក្នុងនយោបាយជាតិ អត់មានឆ្កែ អត់មានឆ្មា ទេ។

៤/- “វៀតណាម មិនដឹងពីបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជាប្រជាធិបតេយ្យ។” ដូចមិនត្រូវទេ វៀតណាម និងចិន ជាអ្នកជួយបង្កើត និងយកជ័យជំនះពី លន់ នុល អោយ ប៉ុល ពត មានរឿងអីដែលថា វៀតណាមមិនដឹងស្ថានភាពចង្ក្រានឆ្នាំងរបស់កម្ពុជាប្រជាធិបតេយ្យ។

៥/- វៀតណាម មកជួយសង្គ្រោះខ្មែរ ព្រោះដោយសារមានការស្នើរសុំរបស់មនុស្សមួយក្រុម ឬមកពីវៀតណាម ជាយុទ្ធសាស្ត្រ យល់ថា ដល់ពេលត្រូវវៃយកខ្មែរ ព្រោះបើទុកយូរជាងនឹង ខ្មែរអាចបានទៅ អាមេរិកកាំង ឬថៃ ។ល។ ឬក៏ថា ទាំងពីររឿង ស៊ីចង្វាក់គ្នា ដោយមានការស្នើសុំអោយជួយផង និងដល់ពេលយុទ្ធសាស្ត្រត្រូវកម្ទេច់ ប៉ុល ពត វិញ។ ហើយកាលៈទេសៈនេះ ក្រុមវៀតមិញនៅចាំ នៅហានូយ មុនរួចទៅហើយ។

៦/- ក្នុងខ្លឹមសារវីដេអូ, រំលឹកពីការប្តេជ្ញាចិត្តរបស់ក្រុម ប៉ុល ពត “ដើម្បីកម្ពុជា ជាសង្គមស្អាតស្អំដាច់ខាត (absolute purity / utopian society)” វាធ្វើអោយខ្ញុំនឹកឃើញ នាពេលបច្ចុប្បន្ននេះ ក៏មានបងប្អូនខ្មែរយើងមួយក្រុម គាត់មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាថានឹង តាមកម្ចាត់ពួកពូជឈាមថោកអោយអស់ពីទឹកដីអង្គរកម្ពុជា ហើយពួកគាត់ថា ពូជអង្គរ គឺបានបន្តមកជាពូជក្រុមគាត់នេះហើយ។ ស្តាប់ទៅអស្ចារ្យណាស់ វាធ្វើអោយខ្ញុំព្រឺខ្លួន ហើយមានអារម្មណ៍ថាជាតិខ្ញុំកំពង់តែលោតផ្លោះក្នុងជំហ៊ានមហាបដិវត្តន៍ដ៏អស្ចារ្យជាថ្មីម្តងទៀត។

៧/- ប្រសិនបើការស្នើសុំអោយជួយរបស់មនុស្សមួយក្រុម ដែលជាអតីតខ្មែរក្រហម ត្រូវវៀតណាមទទួលយក ហើយសម្រេចជួយ ហេតុអ្វី ពេលវៃបានភ្នំពេញ បែរមិនអោយសម្តេចគ្រប់គ្រងកម្ពុជា ប៉ុន្តែនាយករដ្ឋមន្ត្រីពីរ គឺមកពីក្រុមខ្មែរវៀតណាមទាំងអស់ (ប៉ែន សុវណ្ណ និង ចាន់ ស៊ី)។ តើសម្តេចពិតជាសំខាន់ចំពោះ មេដឹកនាំវៀតណាមហានូយ នាពេលនោះ មែនឬយ៉ាងណា។ (សួរចោល, កុំឆ្លើយ)។

៨/- រឿងដែលយើង យល់ដល់ និងអាចសន្និដ្ឋានបាននោះគឺ ឆ្លងពីមួយសម័យកាលទៅមួយសម័យកាល ក្រុមដែលទទួលបានអំណាច ធ្វើទុក្ខបុកម្នេញក្រុមខ្មែរដែលគ្មានអំណាច ឈ្លោះគ្នាស៊ីសាច់ហុតឈាម មិនលើកលែងឡើយ ទីបំផុតធ្វើអោយក្រុមជនរងគ្រោះ សុទ្ធតែត្រូវបង្ខំចិត្ត រត់ចេញពីប្រទេសទៅសុំអោយបរទេសទាំងតូចទាំងធំមកជួយកម្ពុជា។ ហេតុអី ត្រូវបង្ខំគ្នាអោយទាល់ច្រក។ ហេតុអីត្រូវកម្ចាត់គ្នាដូចសត្រូវសួរពូជ។ ហេតុអី ក្រុមរងគ្រោះ ក្លាយជាអ្នកប្រើអំណាចផ្តាច់ការធ្វើបាបក្រុមអត់អំណាច។ រាំវង់រងគ្រោះបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់។

៩/- អ្វីដែលចាប់អារម្មណ៍ជាងគេ គឺ សម្តេចមានប្រសាសន៍ថា “មិនប្រាកដថា អ្នកឯងមានអំណាច អ្នកឯងខ្លាំងឈ្នះប្រជាជននោះទេ, អ្នកឯងប្រើអំណាច កាន់តែផ្តាច់ការ កាន់តែធ្វើបាបប្រជាជន គឺកាន់តែឆាប់ងាប់” សំដៅដល់ក្រុម ប៉ុល ពត ដែលធ្វើបាបប្រជាជនកម្ពុជាពេលនោះ។
១០/- សង្ឃឹមថាថ្ងៃណាមួយ ពេលសម្តេចឈប់ធ្វើនយោបាយដឹកនាំកម្ពុជា នោះប្រជាពលរដ្ឋខ្មែរមួយនគរ នៅតែទទួលស្គាល់សម្តេចថា ជា វីរៈបុរសជាតិ ដូចថ្ងៃដែលសម្តេចចេញតស៊ូរំដោះកម្ពុជា។ (កង់ប្រវត្តិសាស្ត្រវិលមិនឈប់។)

១១/- សង្ឃឹមថាថ្ងៃណាមួយ ឃើញគេនាំគ្នាធ្វើឯកសារដែល ខ្មែរបានអោយវៀតណាមខ្ចីដី ធ្វើសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាមជើង-ត្បូង ដាក់បញ្ចាំអោយខ្មែរបានមើលដែរ។ ការណ៍ពិតគឺថា បើប្រជាជនខ្មែរណាម្នាក់ ជួបជនជាតិវៀតណាមដែលឆ្លងកាត់សាលារៀនសូត្រ ហើយពេលវៀតណាមសួរថា អ្នកមកពីណានោះ ពេលយើងប្រាប់ថា ជនជាតិខ្មែរមកពីកម្ពុជា, វៀតណាមគេថាភ្លាមថា “វៀតណាមរំដោះកម្ពុជា ឬ វៀតណាមជាអ្នកមានគុណរបស់កម្ពុជា”។ (Well, កម្ពុជាក៏មានគុណលើវៀតណាមដូចគ្នា)។

១២/- ចូលរួមអបអរសាទរ នឹងបងប្អូនខ្មែរ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង៣នាក់ ដែលមានមោទនភាពនឹងបក្សចំណាស់ជាងគេ បានរំដោះជាតិ សង្គ្រោះជាតិ និងកសាងជាតិ។ ហើយសង្ឃឹមថា បក្សផ្សេងៗ ក៏នឹងមានឧ៌កាសបានចូលរួមក្នុងការកសាងជាតិខ្មែរ ដូចគ្នា។ ហើយក៏មិនសង្ឃឹមថា កង់ប្រវត្តិសាស្ត្រនឹងវិលជាន់ដានចាស់ “១០ឆ្នាំអញ, ១០ឆ្នាំឯង” នោះដែរ។ (សង្ឃឹមថាខ្មែរឯកភាពជាតិ, ទោះសង្ឃឹម 0.001% ក៏ត្រូវតែសង្ឃឹម)។

១៣/- ទីបំផុតទៅ, ជាយុវជនម្នាក់ ខ្ញុំនៅតែនឹកឃើញពាក្យមួយឃ្លា គេថា, “ជាតិមួយ ដែលអត់ចងចាំប្រវត្តិសាស្ត្រ ដូចមនុស្សពិការភ្នែកមួយចំហៀង តែបើប្រកាន់ខ្ជាប់ពីប្រវត្តិសាស្ត្រពេក នោះដូចមនុស្សពិការភ្នែកទាំងសង្ខាង។”

១៤/- ខ្លឹមសារ និងការយល់ឃើញនេះ មិនមានន័យថា គាំទ្រ ឬ ប្រឆាំង នឹង ៧ មករា នោះទេ ប៉ុន្តែមានន័យថា “ដរាបណាខ្មែរគ្រប់ភាគី អាចទទួលយកនូវភាពខុសគ្នាបាន នោះទើបប្រជាជាតិខ្មែរស្គាល់ភាពថ្លៃថ្នូរពិតប្រាកដបាន បើមិនដូច្នោះទេ ក្រុមដែលហៅគ្នាថា ក្រុមថ្លៃ និង ក្រុមថោក នោះ ទីបំផុតទៅ សុទ្ធតែថោក គឺថោកចំពោះមុខ ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។” បើជាតិមួយថោក វាអត់មានប្រជាជនណាម្នាក់ថ្លៃតែម្នាក់ឯង ថ្លៃតែក្រុមឯងនោះទេ។ មនុស្សម្នាក់ថ្លៃតែម្នាក់ឯង តើអាចថ្លៃបានយូរប៉ុណ្ណា។ ជាតិមួយដែលសប្បាយតែម្នាក់ឯង តើអាចសប្បាយបានយូរប៉ុណ្ណា។ (ត្រូវ/ខុស ទុកខ្មែរមួយនគរសម្រេច)។
ខ្ញុំបញ្ចប់ការយល់ឃើញរបស់ខ្ញុំត្រឹមនេះ។ ព្រោះភ្លៀងរៀបធ្លាក់។
ដោយ ៖ សូរ សមយុទ្ធ