លោកឆាំ ឆានី ថាឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ជាល្បែងព្រួញ១បាញ់បានសត្វ២របស់ «បីសាចឆ្អឹងស»

លោកឆាំ ឆានី ថាឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ជាល្បែងព្រួញ១បាញ់បានសត្វ២របស់ «បីសាចឆ្អឹងស»

1159
0
SHARE

(ប៉ារីស)៖ លោក ឆាំ ឆានី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាសកម្មជនប្រឆាំងមួយរូបដែលល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook បានទម្លាយឲ្យដឹងពីអាថ៌កំបាំងនៅពីក្រោយការស្លាប់របស់ ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវ​បាន​ឃាតក ២​នាក់ បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ ៧​យប់ នៃ​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤។

លោក ឆាំ ឆានី ថាឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នេះ គឺជាល្បែងព្រួញមួយបាញ់បានសត្វពីររបស់លោកស្រី ហ៊ុន ម៉ាណា ដែលលោកហៅឈ្មោះថា «បីសាចឆ្អឹងស»។

ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​ឃាតក ២​នាក់ បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ ៧​យប់ នៃ​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤។

លោក ឆាំ ឆានី បានសរសេររៀបរាប់នៅលើគណនីយហ្វេសប៊ុក Facebook របស់លោកនៅថ្ងៃទី១៣ កុម្ភៈ នេះយ៉ាងដូច្នេះ៖

“ព្រួញមួយបាញ់បានសត្វពីររបស់ «បីសាចឆ្អឹងស»៖ ឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ និងអ្នកទទួលទោស ថោង សារ៉ាត់
……………
ខ្ញុំសូមរៀបរាប់តាមអ្នកនិយាយរឿងប្រាប់មក ជាសង្វេបតែប៉ុណ្ណោះ ព្រោះតាមសាច់រឿងបានសន្ទនាគ្នាមានពេលជាង១ម៉ោងឯណោះ មិនអាចសរសេរអស់ទេ។

រឿងគឺ នាងម្នាក់នោះនៅក្នុងចំណោមអ្នករកស៊ី អស់លោកឧកញ៉ា និងអ្នកមានអំណាចដែលស្និទ្ធ គេគ្រប់គ្នាតែងហៅនាងថា «ស្រីណាៗ» ឬគេហៅថា«បីសាចឆ្អឹងស» នៅខាងក្រោយខ្នង។ នាងកាចសាហាវ និងហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអំណាច និងទ្រព្យសម្បត្តិដែលនាងចង់បាន។ ឥឡូវនេះទ្រព្យសម្បត្តិសំខាន់ៗនៅកម្ពុជា ដីធ្លី ក្រុមហ៊ុនវិនិយោគនានាភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់បីសាចឆ្អឹងសស្ទើរគ្រប់កន្លែងដោយមានឪពុកជាបង្អែក ហើយដោយសារតែបីសាចឆ្អឹងសនេះ សូម្បីតែ គិត ម៉េង ស្ទើរសល់តែក្តបី ពោលមានតែសំបកខ្លួនជានាមតែប៉ុណ្ណោះនាពេលនេះ។

ទាក់ទងរឿង ឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ (ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្បូងពេជ្រ​និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group) គឺបញ្ហាបានចាប់ផ្តើមឡើងដោយឧកញ៉ា អ៊ឹង ម៉េងជឺ មានដីមួយកន្លែង សម្រាប់អភិវឌ្ឍន៍ហើយដីនោះមានតំលៃមិនតិចជាង១០លានដុល្លារឡើយ។ ក្នុងដីនោះ ក៏មានភាគហ៊ុន ស្រីណា ចូលរួមអភិវឌ្ឍន៍ជាមួយគ្នាដែរ ដោយបានរួមគ្នាក្នុងការអភិវឌ្ឍបានដី១ហិកតាក្នុងដំណាក់កាលដំបូង។ ក្រោយមក ស្រីណា ចង់បានដីនោះផ្តាច់មុខ ដោយឲ្យតំលៃទៅ ឧកញ៉ា អឹង ម៉េងជឺ ៦លានដុល្លារ តែពេលនោះឧកញ៉ា អ៊ឹង ម៉េងជឺ មិនព្រម​និងបានដំឡើងថ្លៃរហូតដល់​១៦លានដុល្លារ។ ស្រីណា បានខឹងសម្បារយ៉ាងខ្លាំង និងបានគំរាមឧកញ៉ា អ៊ឹង ម៉េងជឺ ដល់ជីវិតដោយមិនញញើតឡើយ។

ដោយឡែក ស្រីណា ជាមួយឧកញ៉ា ថោង សារ៉ាត់វិញ គឺ ស្រីណា បានរកស៊ីជាច្រើនមុខជំនួញជាមួយឧកញ៉ា ថោង សារ៉ាត់ ដោយឧកញ៉ា ថោង សារ៉ាត់ ជាអ្នកឈរឈ្មោះឲ្យនាងភាគច្រើន។ ក្រៅពីការរកស៊ីជាមួយគ្នា គេគ្រប់គ្នាបានដឹងថា ស្រីណា និងឧកញ៉ា ថោង សារ៉ាត់ ក៏មានទំនាក់ទំនងសាហាយស្មន់ជាមួយគ្នាដែរ។ ចំពោះរឿងប្តីស្រីណាវិញ គេគ្រប់គ្នាតែងហៅប្តីនោះថា «អាវែកៗ» ។ អាវែកមិនដែលហ៊ានជាមួយស្រីណាឡើយ។ ចំពោះឧកញ៉ា ថោង​ សារ៉ាត់ វិញ ដោយខ្លួនមានលុយច្រើន មានដីច្រើន មានក្រុមហ៊ុនច្រើន និងមានរូបសង្ហាផង គឺ មានស្រីកំណាន់ក៏ច្រើនផងដែរក្នុងពេលតែមួយជារួមមាន ៥នាក់ដោយអ្នលខ្លះមានកូន១ ខ្លះកូនពីរ ខ្លះកូនបី និងខ្លះអត់កូន។ក្នុងពេលនោះ ឧកញ៉ាថោង​ សារ៉ាត់ បានសសម្រេចចិត្តចង់ រៀបការជាមួយស្រីម្នាក់ដែលមានកូន៣នាក់ដោយពេញមុខ ដោយអាណិតនាងជាងគេ។ ពេលនោះ ស្រីណា បានប្រឆាំង ហាមមិនឲ្យឧកញ៉ា ថោង សារ៉ាត់ រៀបការឡើយ ដោយគិតថា ខ្លាចប៉ះពាល់ទ្រព្យសម្បត្តិរបស់នាងជាមួយ ថោង សារ៉ាត់ ដែលបានឈរឈ្មោះឲ្យនាង និងប៉ះពាល់ទំនាក់ទំនងរឿងសាហាយស្មន់របស់ពួកគេទាំងពីរ។ ស្រីណា​ និងឧកញ៉ា ថោង សារ៉ាត់ ក៏បានឈ្លោះគ្នា។ ស្របពេលគ្នានោះដែរ ដោយសារខ្លួនចង់បានដីរបស់ឧកញ៉ា អ៊ឹង ម៉េងជឺ និងកំបុងមានទំណាស់ជាមួយឧកញ៉ា អ៊ឹង ម៉េងជឺផង ផង ស្រីណា ក៏បានប្រើវីធី ព្រួញមួយបាញ់បានសត្វពីរនេះទៅ។

លោកស្រី ហ៊ុន ម៉ាណា

ចំពោះឃាតករវិញ គឺ រូបរាងរបស់ អង្គរក្សឧកញ៉ាថោង សារ៉ាត់ មិនបានដូចឃាតករដែលវបានឃើញក្នុងវីដេអូសុវត្ថិភាពឡើយ។ ពោល ឃាតករបែជាដូច ប៉ូលិសមកស៊ើបអង្កេតដែលជាកូនចៅអគ្គស្នងការប៉ូលិសរងក្រុងភ្នំពេញ ជួន ណារិន ទៅវិញ ហើយពេលនោះគឺលោក ជួន ណារិន្ទ ជាអ្នកចេញមុខដោះស្រាយរឿងក្តី និងមិនយូរប៉ុន្មានត្រូវបានគេបញ្ជូនទៅកាន់ប៉ូលិសនៅក្រុងព្រះសីហនុបាត់រហូតមកដល់ពេលនេះ។

អ្វីដែលជាក់ស្តែងលើសពីនេះគឺ នៅពេលនេះដីរបស់ឧកញ៉ា អ៊ឹង ម៉េងជឺ នោះត្រូវបានស្រីណា កាន់កាប់ និងកំពុងកសាងទៅជាភូមិដ្ឋាន Orkide Villa ដែលបានបើកសម្ភោធជាផ្លូវការកាលពីចុងឆ្នាំ២០១៦កន្លងទៅនេះ ដោយអោយ ខៀវ សស៊ីលាប ប្រពន្ធ ម៉ឹង កុម្ភៈ ជាអ្នកចេញមុខឈរឈ្មោះជំនួស។ ដោយឡែកដី និងក្រុមហ៊ុនទាំងអស់របស់ ថោង សារ៉ាត់ នៅភ្នំពេញ តាមខេត្ត ជាពិសេសនៅខេត្តសីហនុជាដើម ពេលនេះ ត្រូវបាន ស្រីណា យកទាំងអស់។

ឧកញ៉ា ថោង សារ៉ាត់

សូមបញ្ជាក់ថា ស្រីណា និងឧកញ៉ា អ៊ឹង ម៉េងជឺ មុនកើតមានទំនាស់ ក្រៅពីមានភាគហ៊ុនជាមួយគ្នាក្នុងការអភិវឌ្ឍន៍សំណង់ជាមួយគ្នា គឺ តែងដើរជាមួយគ្នាក្នុងកិច្ចការកសាងផ្ទះទេវតាជូនចាស់ក្រីក្រ ដោយឧកញ៉ា អ៊ឹង ម៉េងជឺ ជាអ្នកចេញលុយជួយ ស្រីណា រឿងធ្វើផ្ទះទេវតានោះ។ ដោយឡែកឧកញ៉ា អ៊ឹង ម៉េងជឺ និងឧកញ៉ា ថោង សារ៉ាត់ វិញ ពីរនាក់នេះមិនដែលមានទំនាក់ទំនងរកស៊ីអ្វីជាមួយគ្នាទេ។ ជារួមស្អីក៏គ្មានដែរ។ រឿងនេះមានបញ្ជាក់ក្នុងសារព័ត៌ភ្នំពេញប៉ុស្តិ៍ផ្សាយថ្ងៃទី២២ ខែធ្នូ ២០១៤ ដោយភរិយាខ្មោចឧកញ៉ា អ៊ឹង ម៉េងជឺ គឺលោកស្រី តាំង គឹម​ឆេង បានអះអាងថាគាត់មិនដែលបានស្គាល់ឈ្មោះឧកញ៉ា ថោង​សារ៉ាត់ ឡើយ។ ដូចគ្នានេះដែរលោកឧកញ៉ា ថោង សារ៉ាត់ ក៏បានអះអាងតាមវិទ្យុវីអូអេ ថា លោកក៏មិនដែលស្គាល់ និងគ្មានទំនាក់ទំនងរកស៊ីជាមួយឧកញ៉ា អឹង ម៉េងជឺ ដែរ (http://www.saztune.com/watch/seKCco7fgN0/.html) ។ ក្រៅពីនេះ អង្គរក្សរបស់ឧក៉ញ៉ា ថោង សារ៉ាត់ តែងបានប្រកែកថាពួកគេមិនបានពាក់ព័ន្ធឡើយ ហើយជាពិសេស សៀង វាសនា និង លី សៅ ថែមទាំងបានអះអាងថាថ្ងៃឃាតកម្មកើតឡើងពួកគេមិនទាំងបានស្ថិតក្នុងក្រុងភ្នំពេញផង។

ជារួមបីសាចឆ្អឹងសនេះ មានទាក់ទងឃាតកម្មច្រើនណាស់ ដោយនាងមិនខ្លាចអ្វីឡើយ ព្រោះមានឪពុកជាអ្នកកាង ដោយប្រើតួនាទីរដ្ឋាភិបាល ចារលុយរដ្ឋ ប្រើអាជ្ញាធររដ្ឋ មកកាងនិងដោះស្រាយឲ្យគ្រប់ពេល” ៕