លោកឆាំ ឆានី បង្ហើបឲ្យដឹងពីដំបូន្មានរបស់លោក សម រង្ស៊ី ដែលបានទូន្មានលោកកាលពីជាង១០ឆ្នាំមុន

 លោកឆាំ ឆានី បង្ហើបឲ្យដឹងពីដំបូន្មានរបស់លោក សម រង្ស៊ី ដែលបានទូន្មានលោកកាលពីជាង១០ឆ្នាំមុន

821
0
SHARE

(ប៉ារីស)៖ លោក ឆាំ ឆានី សកម្មជនប្រឆាំងដែលកំពុងរស់នៅនិរទេស និងកំពុងតែល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook បានបង្ហើបឲ្យដឹងពី ដំបូន្មានរបស់លោក សម រង្ស៊ី ដែលបានទូន្មានលោកកាលពីជាង១០ឆ្នាំមុន។ ដំបូន្មានដ៏ល្អរបស់លោក សម រង្ស៊ី នេះ ត្រូវបានលោក ឆាំ ឆានី លើកឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃខួបមួយឆ្នាំនៃការលាលែងរបស់លោក សម រង្ស៊ី ពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ (១១ កុម្ភៈ ២០១៧ – ១១ កុម្ភៈ ២០១៨)។

លោក ឆាំ ឆានី បានរម្លឹកពីពេលវេលាមួយអំឡុងឆ្នាំ២០០៦ នៅពេលដែលរូបលោកនិង លោក សម រង្ស៊ី អង្គុយជជែកតែពីរនាក់នៅផ្ទះរបស់លោក (ឆាំ ឆានី) ។ លោក ឆាំ ឆានី ថាកាលនោះ លោក សម រង្ស៊ី បានរម្លឹកលោកថា «ក្នុងនាមយើងជាមេដឹកនាំ យើងត្រូវតែមានការលះបង់ខ្ពស់ រួមទាំងសេរីភាពផ្ទាល់ខ្លួនផងដែរ ហើយការលះបង់របស់យើង សូមកុំរំពឹងការដឹងគុណពីអ្នកដទៃអី» ។

លោក ឆាំ ឆានី បានបញ្ជាក់ថា «អំពើល្អដែលយើងធ្វើដោយមិនរំពឹងការតបស្នង វាជាអំពើដែលគ្មានការឈឺចាប់ទាំងបច្ចុប្បន្ន និងអនាគត តែបើយើងធ្វើអំពើល្អហើយសង្ឃឹមថានឹងបានការតបស្នងមកវិញនោះ បានន័យថា យើងកំពុងរង់ចាំការឈឺចាប់ដែលខ្លួនបានសាងហើយ»។

សម រង្ស៊ី៖ “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។
ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។
គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។”

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក Facebook ដ៏ពេញនិយម លោក ឆាំ ឆានី បានសរសេររៀបរាប់យ៉ាងដូច្នេះ៖

“ខួបមួយឆ្នាំ នៃការលាលែងរបស់លោក សម រង្ស៊ី ពីប្រធាន CNRP

នឹកឃើញកាលពីអំឡុងឆ្នាំ២០០៦ លោក សម រង្ស៊ី បាននិយាយរំលឹកខ្ញុំនៅពេលដែលខ្ញុំអង្គុយជជែកតែពីរនាក់គាត់នៅផ្ទះរបស់ខ្ញុំ ដែលកាលនោះគាត់បានរំលឹកខ្ញុំថា «ឆានី ក្នុងនាមយើងជាមេដឹកនាំ យើងត្រូវតែមានការលះបង់ខ្ពស់ រួមទាំងសេរីភាពផ្ទាល់ខ្លួនផងដែរ ហើយការលះបង់របស់យើង សូមកុំរំពឹងការដឹងគុណពីអ្នកដទៃអី»។

អំពើល្អដែលយើងធ្វើដោយមិនរំពឹងការតបស្នង វាជាអំពើដែលគ្មានការឈឺចាប់ទាំងបច្ចុប្បន្ន និងអនាគត តែបើយើងធ្វើអំពើល្អហើយសង្ឃឹមថានឹងបានការតបស្នងមកវិញនោះ បានន័យថា យើងកំពុងរង់ចាំការឈឺចាប់ដែលខ្លួនបានសាងហើយ។”

គួររម្លឹកថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានសម្រេចលាឈប់ពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងដើម្បីការពារគណបក្សដែលលោកបានបង្កើត ពីការប៉ុនប៉ងរំលាយពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន សែន។ បើទោះជាបែបនេះក្ដី នៅថ្ងៃនោះដែរ លោកសម រង្សីុ បានថ្លែងថា «គ្រប់កាលៈទេសៈ លោកនៅតែរក្សាឧត្តមគតិសង្គ្រោះជាតិ ជានិច្ច ក្នុងបេះដូងរបស់លោក»៕