លោកសម រង្ស៊ី ថាមានការរំជើបរំជួលយ៉ាងខ្លាំងក្នុងជួរCPP ក្រោយពេលដែលអាមេរិកដាក់ទណ្ឌកម្ម ហ៊ីង ប៊ុនហៀង

លោកសម រង្ស៊ី ថាមានការរំជើបរំជួលយ៉ាងខ្លាំងក្នុងជួរCPP ក្រោយពេលដែលអាមេរិកដាក់ទណ្ឌកម្ម ហ៊ីង ប៊ុនហៀង

837
0
SHARE

(ប៉ារីស)៖ ក្រោយពេលដែលសហរដ្ឋ​អាមេរិក បានដាក់ទណ្ឌកម្មមកលើ​មេកងអង្គរក្ស​លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដោយដាក់ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ​មុន​​គេ ​ព្រមទាំងហាមឃាត់មិនឲ្យជាន់ដីសហរដ្ឋអាមេរិកថែមទៀតនោះ មានការរំជើបរំជួលយ៉ាងខ្លាំង ក្នុងជួរគណបក្សប្រជាជនកម្ពុជា  ពីព្រោះទណ្ឌកម្មបែបនេះ នឹងរាលដាលទៅដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដទៃទៀត ជាច្រើន។ នេះបើតាមការថ្លែងរបស់លោក សម រង្ស៊ី នៅលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃនេះ។

លោក សម រង្ស៊ី លើកឡើងថា បក្ខពួកលោក ហ៊ុន សែន គឺអ្នកដឹកនាំពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ បានបញ្ជូនកូនចៅគេជាច្រើន ទៅរស់នៅសហរដ្ឋអាមេរិក។ លោកបន្តថា នៅទីនោះ ពួកគេបានយកលុយពុករលួយរបស់គេយ៉ាងសន្ធឹកសន្ធាប់ ទៅតម្កល់ទុក ព្រមទាំងបានទិញផ្ទះសម្បែង និងកម្មសិទ្ធិផ្សេងៗជាច្រើន ដើម្បីរៀបចំខ្លួន ទៅរស់នៅសហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បាត់បង់អំណាច។

លោក សម រង្ស៊ី បានបន្ថែមថា មន្ត្រីទាំងនោះ ក្នុងជួរគណបក្សប្រជាជនកម្ពុជា កំពុងតែខឹងសម្បារ ពីទង្វើថ្មីៗនេះរបស់លោក ហ៊ុន សែន ដែលនៅសុខៗ ស្រាប់តែទៅបង្ករឿង ធ្វើឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មមកលើពួកគេ ធ្វើឲ្យពួកគេមិនអាចទៅជួបជាមួយកូនចៅគេ នៅសហរដ្ឋអាមេរិកដូចមុនទៀត ព្រមទាំងធ្វើឲ្យពួកគេបាត់បង់ទ្រព្យសម្បត្តិ ដែលពួកគេបានយកទៅតម្កល់ទុក នៅសហរដ្ឋអាមេរិក។

លោក សម រង្ស៊ី បានព្រមានថា មិនយូរទេ ករណីដូចលោក ហ៊ីង ប៊ុនហៀង នេះ នឹងផ្ទុះឡើងកាន់តែខ្លាំងថែមទៀត។

 

គួរបញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃកងអង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បានការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​នាយកដ្ឋាន​​រតនាគារ​អាមេរិក ប្រកាស​នៅថ្ងៃទី១២ ខែមិថុនា ដោយ​​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​ខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្គ្លោប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY) ដោយសារ​​តែ​​ការ​​ចូល​ដៃ​ក្នុង​ការ​​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា។

សហរដ្ឋអាមេរិក រកឃើញថា លោក ហ៊ីង ប៊ុន​ហៀង រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ រួមទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប នៅ​​មុខ​​រដ្ឋសភា​ នៅ​ឆ្នាំ២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏ជាប់​ពាក់ព័ន្ធនឹងអំពើ​ហិង្សាក្នុងការ​បង្រ្កាប​លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ជនជាតិ​​អាមេរិក​​មួយ​រូប​​ផង។

ជាលទ្ធផល​នៃ​អំពើ​រំលោភសិទ្ធិមនុស្ស​ទាំងនេះ ខាង​រតនាគារ​អាមេរិក នឹង​ចាត់​​វិធានការ​ទាំង​ឡាយ ដើម្បី​​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ផល​ប្រយោជន៍​​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​​លោក ហ៊ីង ប៊ុន​ហៀង។ មិន​ត្រឹម​តែ​​បង្កក​ទ្រព​សម្បត្តិ​​លោក ហ៊ីង ប៊ុនហៀង ប៉ុណ្ណោះ​ទេ សហរដ្ឋ​អាមេរិក ក៏​នឹង​​ហាម​ឃាត់​​ជនជាតិ​​អាមេរិក​​ឯ​ទៀត មិន​​ឲ្យ​​រកស៊ី ឬ​ទាក់ទង​​ជាមួយ​លោក ហ៊ីង​ ប៊ុនហៀង ​នោះ​ឡើយ។

នេះជាករណីទីមួយហើយ ដែល​សហរដ្ឋ​អាមេរិក អនុវត្ត​​វិធានការ​​ក្តៅ ក្នុង​ការ​​ដាក់​ទណ្ឌកម្ម​​លើ​​មន្រ្តី​​នៃ​​របប​លោក ហ៊ុន សែន ដែល​​កំពុង​​រង​ការ​​ថ្កោលទោស​យ៉ាង​​ចាស់​​ដៃ ពី​​សំណាក់​​សហគមន៍​​អន្តរជាតិ ក្នុង​​រឿង​​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោយ​​ពេល​រម្លាយ​​​គណបក្ស​​សង្គ្រោះ​ជាតិ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តំណាង​រាស្រ្ត​សហរដ្ឋអា​មេរិក កំពុង​​តែ​​ពន្លឿន​​ច្បាប់​ស្តពី​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ដើម្បី​​ដាក់​ទណ្ឌកម្ម​បន្ថែម​ ទៅ​លើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ព្រមទាំង​មន្រ្តី​​ជាន់​ខ្ពស់​​ក្នុង​​របប​ភ្នំពេញ​​ដទៃ​ទៀត នា​ពេល​ឆាប់​ៗ ​ខាង​​មុខ​​នេះ៕

Treasury Sanctions Two Individuals and Five Entities Under Global Magnitsky

លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA