លោក រ៉ុង ឈុន លើកឡើងថា ​វៀតណាម​មិន​ដែល​មាន​បំណង​ល្អ​ និង​ស្មោះត្រង់​នឹង​កម្ពុជា​ទេ

លោក រ៉ុង ឈុន លើកឡើងថា ​វៀតណាម​មិន​ដែល​មាន​បំណង​ល្អ​ និង​ស្មោះត្រង់​នឹង​កម្ពុជា​ទេ

95
0
SHARE

(ប៉ារីស) ៖ សកម្មជន​ដែល​ធ្លាប់​ឃ្លាំមើល​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម បាន​លើកឡើង​ថា អាជ្ញាធរ​វៀតណាម មិន​ដែល​មាន​បំណង​ល្អ ឬ​ទំនាក់ទំនង​ដោយ​ស្មោះ​ត្រង់​ជាមួយ​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ផលប្រយោជន៍​ព្រំដែន​នោះ​ទេ។

ការ​លើកឡើង​បែបនេះ​បន្ទាប់​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​កន្ទូម ប្រទេស​វៀតណាម បាន​ជីកដី​កាត់ផ្ដាច់ និង​បិទ​ផ្លូវ​ចេញ​-​ចូល ចំនួន ៤​កន្លែង​នៅ​ក្នុង​ទឹកដី ប្រទេស​វៀតណាម ជាប់​នឹង​ព្រំដែន​ខេត្ត​រតនគិរី នៃ​ប្រទេស​កម្ពុជា ដោយសារ​ខឹង​ភាគី​កម្ពុជា មិន​ព្រម​ធ្វើតាម​សំណើ​ខ្លួន ដែល​សុំ​ឲ្យ​បើក​ច្រក​ជា​ផ្លូវការ។

លោក រ៉ុង ឈុន ដែល​ធ្លាប់​តាមដាន​មើល​សភាពការណ៍​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម ហើយ​ធ្លាប់​ដឹកនាំ​សកម្មជន និង​សិស្ស និស្សិត​ចុះ​មើល​បន្ទាត់​ព្រំដែន​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ជីក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​គឺជា​សិទ្ធិ​របស់​ប្រទេស​សាមី ប៉ុន្តែ​កន្លែង​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​ការ​ឆ្លង​កាត់​ចេញចូល​របស់​ប្រជាពលរដ្ឋ។

លោក រ៉ុង ឈុន

លោក​ថ្លែង​ទៀត​ថា ជា​រឿយៗ​អាជ្ញាធរ​វៀតណាម តែងតែ​បំពាន​លើ​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា៖ «អានេះ​យើង​មិនទាន់​និយាយ​ដល់​ផែនទី​នោះ​ទេ គឺ​យើង​និយាយ​ពី​ផែនដី​ជាក់ស្ដែង ដែល​មាន​សាក្សី​រស់​គឺ​ប្រជាពលរដ្ឋ ហើយ​សាក្សី​ទី​២ គឺ​ភូមិសាស្ត្រ ហើយ​យើង​ឃើញ​ថា តំបន់​ដូនតា មាន​កប់​ផ្នូរ​ខ្មោច ហើយ​ភូមិ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាំងពី​ដូនតា​មក ដែល​ខ្ញុំ​ធ្វើ​កិច្ចការ​ហ្នឹង​តាំងពី​កន្លងមក យើង​កត់​សម្គាល់​ឃើញ (វៀតណាម​) មិន​ដែល​មាន​បំណង​ល្អ​ជាមួយ​យើង​ទេ រឿង​បូរណភាព​ទឹកដី​ហ្នឹង»។

តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក ងួន គឿន រាយការណ៍​មក​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ កងទ័ព​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍​លេខ ៧០៣​របស់​ខេត្ត​កន្ទូម បាន​ធ្វើ​របង​បិទ​ផ្លូវ ៤​កន្លែង ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ទំនាក់ទំនង​ចេញ​-​ចូល​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន ដែល​នៅ​ទល់មុខ​គ្នា​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ ១៧, ១៨, ១៩ និង​១៩/៥។

លោក ងួន គឿន ស្នងការនគរបាល ខេត្តរតនគីរី

របាយការណ៍​បញ្ជាក់​ថា ការ​បិទ ៤​ចំណុច​ខាងលើ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចេញ​-​ចូល​ទំនាក់ទំនង​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ ៥០៥ នៃ​វរៈការពារ​ព្រំដែន​លេខ ២០៣​កម្ពុជា ជាមួយ​នឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ ៧០៣ នៃ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​កន្ទូម ប្រទេស​វៀតណាម។

ការ​បិទ​ផ្លូវ​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​រតនគិរី​របស់​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​កន្ទូម នៃ​ប្រទេស​វៀតណាម បាន​ប្រជុំ​ពិភាក្សា​បើក​ច្រក​ទ្វេភាគី​ចំនួន ៤​កន្លែង ស្ថិតនៅ​ម្ដុំ​បង្គោល​លេខ ៤/២ លេខ​១០ លេខ​១៣ និង​លេខ​១៩ ក្នុង​នោះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ព្រមព្រៀងគ្នា​តែ ១​ចំណុច គឺ​ត្រង់​បង្គោល​លេខ ១៩​ប៉ុណ្ណោះ នៅសល់ ៣​ចំណុច​ទៀត ភាគី​ខេត្ត​រតនគិរី មិន​ឯកភាព​ដោយសារតែ​ចំណុច​ទាំង ៣​នោះ ស្ថិតនៅ​ក្នុង​ព្រៃ​ជ្រៅ ពុំ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ឆ្លង​កាត់ចេញ​-​ចូល​ឡើយ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ថ្លែងប្រាប់​អ្នកកាសែត​កាលពី​ពី​ថ្ងៃ​ទី​៨ ខែ​មករា ក្នុង​កម្មវិធី​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សម្រាប់​ខែ​មករា ឆ្នាំ​២០១៨ នៅ​ឯ​ក្រសួងមហាផ្ទៃ ថា បញ្ហា​នេះ​គឺ​មិនមែន​ជា​បញ្ហា​ធំដុំ​ឡើយ ដោយសារតែ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​របស់​កម្ពុជា​នោះ​ទេ។

លោក​ថា អាជ្ញាធរ​ខេត្ត​រតនគិរី កំពុងតែ​សម្រួល​ដោះស្រាយ​ហើយ គឺ​មិន​មាន​បញ្ហា​ប្រឈម​មុខ​អ្វី​ធំ​ដំ​នោះ​ទេ ហើយ​ករណី​នេះ​គឺ​ដោយសារតែ​ការយល់​គ្នា​មិនបាន។

លោក គៀត ច័ន្ទថារិទ្ធ

លោក ងួន គឿន បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា នេះ​ជា​លើក​ទី២​ហើយ ដែល​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​កន្ទូម ប្រទេស​វៀតណាម បាន​បិទ​ផ្លូវ​ធ្វើដំណើរ​ចេញ​-​ចូល ព្រំដែន បន្ទាប់ពី​សកម្មភាព​លើក​ទី​១ បាន​ជីក​ផ្ដាច់​ផ្លូវត្រង់​បង្គោល​ព្រំដែន​លេខ ៤/២ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧។

កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ អាជ្ញាធរ​វៀតណាម បាន​ជីក​ស្រះ​ទឹក​ចំនួន​៣ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង​លេខ​៤០ ស្ថិត​នៅ​ក្នុង​ក្នុង​ភូមិ​ឡំ ស្រុក​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​យ៉ាង​ជ្រៅ។ គ្រានោះ ក្រសួងការបរទេស​កម្ពុជា បាន​ប្រតិកម្ម​ប្រឆាំង​វៀតណាម ដែល​ជា​មហាមិត្ត​របស់​ខ្លួន​ភ្លាមៗ​ដែរ បន្ទាប់ពី​រកឃើញ​ថា វៀតណាម​បាន​ជីក​ស្រះ​ទឹក​ចូល​ក្នុង​អធិបតេយ្យភាព​ដែនដី​របស់​កម្ពុជា។

ព្រំដែន​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០​គីឡូម៉ែត្រ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ព្រមព្រៀងគ្នា​កាលពី​ឆ្នាំ​២០០៥ ថា នឹង​បើក​ច្រក​ទ្វា​អន្តរជាតិ​ចំនួន​៧ សម្រាប់​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

តាម​របាយការណ៍​បូកសរុប​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ខែ​មករា ឆ្នាំ​២០១៨ របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា កងកម្លាំង​នគរបាល​ព្រំដែន បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ប្រសើរ ក្នុង​នោះ​បាន​ចូលរួម​ប្រជុំ​ជាមួយ​ភាគី​មិត្ត​កម្ពុជា-វៀតណាម បាន​៨​លើក ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ក្នុង​ការ​រក្សា​សន្តិសុខ និង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន ហើយ​បាន​ការពារ​ក្រុម​គណៈកម្មការ​ចម្រុះ​វាស់វែង​ខណ្ឌសីមា​ព្រំដែន​កម្ពុជា វៀតណាម ក្នុង​ការ​សាងសង់​បង្គោល​បំពេញ​បន្ថែម​ប្រភេទ​បេតុង ចំនួន ៣១​បង្គោល និង​តម្រុយ​ចំនួន ៨៣​បង្គោល៕
http://www.rfa.org/khmer

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ