លោក សម រង្ស៊ី ថា លោក ហ៊ុន សែន អស់លក្ខណ៍ហើយ

លោក សម រង្ស៊ី ថា លោក ហ៊ុន សែន អស់លក្ខណ៍ហើយ

109
0
SHARE
លោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរយើង នៅវត្តខ្មែរសាមគ្គី ក្នុងទីក្រុង អាដឺឡេត (Adelaide) ប្រទេសអូស្ត្រាលី។

(ប៉ារីស)៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បាលលើកឡើងថា លោក ហ៊ុន សែន អស់លក្ខណ៍ហើយ។ លោកថា ស្ថានការណ៍សព្វថ្ងៃហ្នឹង គឺល្អជាទីបំផុតសម្រាប់កម្លាំងអ្នកស្នេហាជាតិ ដោយប្រជារាស្ត្រខ្មែរមានការយល់ដឹងខ្ពស់ យល់ដឹងច្បាស់ថាលោក ហ៊ុន សែន ជាមនុស្សអន់ ជាមនុស្សខ្សោយ ជាមនុស្សកំសាក ចំណែកឯសហគមន៍អន្តរជាតិ ក៏យល់កាន់តែច្បាស់អំពីស្ថានការណ៍នៅកម្ពុជា ក្រោយពីលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ហើយគេចាំតែជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

លោក សម រង្ស៊ី ថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៌ជាមួយលោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី កាលពីរាត្រី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បទសម្ភាសន៍របស់លោក សម រង្ស៊ី ជាមួយលោក ជុន ច័ន្ទបុត្រ

លោក សម រង្ស៊ី ថ្លែងយ៉ាងដូច្នេះថា៖ «…ខ្ញុំជឿជាក់ថា លោក ហ៊ុន សែន អស់លក្ខណ៍ហើយ ពីព្រោះស្ថានការណ៍សព្វថ្ងៃហ្នឹង គឺល្អជាទីបំផុត។ បើបង្អូនមើលសើៗថា យ៉ាប់យ៉ឺន តឹងតែង ពិបាក តែតាមការពិត គឺល្អជាទីបំផុត។ ល្អយ៉ាងម៉េច? ពីព្រោះប្រជារាស្ត្រខ្មែរ មានការយល់ដឹងខ្ពស់ យល់ច្បាស់ទាំងអស់គ្នា។ លោក ហ៊ុន សែន ធ្វើអាក្រក់កាន់តែខ្លាំង ប្រជារាស្ត្រខ្មែរ យល់កាន់តែច្បាស់ ហើយទាមទារឲ្យមានការផ្លាស់ប្ដូរដាច់ខាត។ ហ្នឹងហើយជាកម្លាំងទី១ គឺទឹកចិត្តប្រជារាស្ត្រ។

ហើយស្ថានការណ៍ដែលល្អម្យ៉ាងទៀត គឺនៅលើឆាកអន្តរជាតិ។ ពិភពលោកទាំងមូលក៏យល់ច្បាស់ ក្រោយពីគេរំលាយគណបក្សសង្គ្រោះជាតិ ឃើញថាលោក ហ៊ុន សែន ជាមនុស្សកំសាក មិនមែនជាមនុស្សខ្លាំងទេ មនុស្សខ្លាំងគឺហ៊ានប្រកួតប្រជែងការបោះឆ្នោតត្រឹមត្រូវ តែមុននឹងបោះឆ្នោត គាត់រំលាយគូប្រកួតរបស់គាត់ គាត់ចាប់ប្រធានគណបក្សប្រឆាំងដាក់គុក មានន័យថាគាត់ខ្សោយណាស់ គាត់ប្រើតុលាការអាយ៉ងរបស់គាត់ គាត់ប្រើកងទ័ពក្រោមបញ្ជារបស់គាត់ ដើម្បីជៀសវាងកុំឲ្យមានការប្រកួត។

រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។

ទី១ បង្ហាញថា មនុស្សដូចលោក ហ៊ុន សែន ជាមនុស្សអន់ ជាមនុស្សខ្សោយ ជាមនុស្សកំសាក ហើយទី២គឺធ្វើឲ្យអន្តរជាតិគេយល់ច្បាស់។ ខ្ញុំស្រួលធ្វើការណាស់ ពីមុនខ្ញុំទៅជួបគេសុំឲ្យគេជួយប្រទេសកម្ពុជាផង ឲ្យជួយលទ្ធិប្រជាធិបតេយ្យ ឥឡូវគេថាគេយល់ហើយ មិនបាច់ពន្យល់គេទេ គេយល់ច្បាស់ថា លោក ហ៊ុន សែន អាក្រក់យ៉ាងម៉េច ហ៊ុន សែន ផ្ដាច់ការយ៉ាងម៉េច។ គេសួរខ្ញុំមកវិញ ថាចង់ឲ្យជួយលោកយ៉ាងម៉េច? ជួយលទ្ធិប្រជាធិបតេយ្យ ជួយប្រទេសកម្ពុជាយ៉ាងម៉េច? អញ្ចឹងក្នុងស្ថានការណ៍បែបហ្នឹង យើងស្រួលធ្វើការ យើងសហការជាមួយអ្នកប្រជាធិបតេយ្យដូចគ្នាទូទាំងពិភពលោក ដើម្បីជម្រុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ ហើយបើមានការបោះឆ្នោតត្រឹមត្រូវពេលណា ពេលនោះគណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតជាពុំខាន…»។

គួររម្លឹកផងដែរថា នៅក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយតំណាងរាស្ត្រ សហព័ន្ធ អូស្ត្រាលី លោក Chris Bowen និងបងប្អូនខ្មែរអ្នកគាំទ្រចលនាសង្គ្រោះជាតិ នៅវត្តខេមរង្សារាម ក្នុងតំបន់ Bonnyrigg ជិតទីក្រុង Sydney ប្រទេសអូស្ត្រាលី លោក សម រង្សុី បានប្រាប់ទៅ លោក ហ៊ុន សែន ជាថ្មីម្ដងទៀតថា ឲ្យឈប់ឆ្កួតទៅ! លោកថា បើលោកជា “ភេរវករ” និងជា “ឧទ្ទាម” មែន ដូចលោក ហ៊ុន សែន ថានោះ មិនមែនប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានលោក នៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារ៉ាមខ្មែរ ទូទាំងពិភពលោក ហើយក៏មិនមែន ឥស្សរជនជាន់ខ្ពស់ នៅគ្រប់ប្រទេសជាមិត្ត ដែលលោកទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្ត ឲ្យលោក ក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ លោកសង្កត់ធ្ងន់ថា លោក ហ៊ុន សែន ទេដែលជាភេរវករ និងជាឧទ្ទាម យ៉ាងច្បាស់លាស់។ លោកបន្ថែមថា លោក ហ៊ុន សែន ជាភេរវករ ពីព្រោះលោក ហ៊ុន សែន បានសម្លាប់ មនុស្សជាច្រើន ក្នុងប្រព័ន្ធរដ្ឋ ដ៏ព្រៃផ្សៃមួយ ដែលប្រព្រឹត្តអំពើភេរវកម្ម យ៉ាងញឹកញាប់ ដូចជាការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មិនា ១៩៩៧ និងការលួចបាញ់សម្លាប់ អ្នកស្នេហាជាតិជាច្រើន ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី។ លោក សម រង្ស៊ី បន្តទៀតថា លោក ហ៊ុន សែន ក៏ជាឧទ្ទាមដែរ ពីព្រោះលោក ហ៊ុន សែន ចាត់ទុកប្រជារាស្ត្រខ្មែរ ជាសត្រូវ ដោយលោក (ហ៊ុន សែន) ជិះជាន់ និងធ្វើបាប អ្នកទន់ខ្សោយ និងអ្នកស្លូតត្រង់ តាមគ្រប់រូបភាព។

លោក សម រង្ស៊ី បញ្ជាក់ថា ប្រជារាស្ត្រខ្មែរ ចាត់ទុកលោក ហ៊ុន សែន ជាឧទ្ទាម ជាជនឧក្រិដ្ឋ និងជាជនក្បត់ជាតិ៕

តំណាងរាស្ត្រខ្មែរ មកពីគណបក្សសង្គ្រោះជាតិ ៣ រូប (ជូឡុង សូមួរ៉ា, សម រង្សុី និង ងឹម ញ៉េង) ជាមួតំណាងរាស្ត្រ សហព័ន្ធ អូស្ត្រាលី លោក Chris Bowen នៅវត្តខេមរង្សារាម ក្នុងតំបន់ Bonnyrigg ជិតទីក្រុង Sydney ប្រទេសអូស្ត្រាលី។