លោក សម រង្ស៊ី បន្តអំពាវនាវដល់អ្នកគាំទ្រ ធ្វើពហិការមិនចូលរួមការបោះឆ្នោតក្លែងក្លាយ

លោក សម រង្ស៊ី បន្តអំពាវនាវដល់អ្នកគាំទ្រ ធ្វើពហិការមិនចូលរួមការបោះឆ្នោតក្លែងក្លាយ

64
0
SHARE
លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣ Photo: ©Erika Pineros

(ប៉ារីស)៖ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈទំព័រហ្វេសប៊ុក Facebook របស់លោកនៅថ្ងៃ១៥ ខែឧសភា នេះ បន្តអំពាវនាវដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ធ្វើពហិការមិនចូលរួមការបោះឆ្នោតក្នុងខែកក្កដា ខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី ថ្លែងថា «យើងត្រូវបន្តការតស៊ូ ដែលយើងបានចាប់ផ្តើមនៅឆ្នាំ ២០១៣ ដោយធ្វើពហិការ មិនចូលរួមការបោះឆ្នោតក្លែងក្លាយ នៅឆ្នាំ ២០១៨ នេះ។ លោកសង្កត់ធ្ងន់ថា «ពេលនេះ នៅផ្ទះ មិនទៅបោះឆ្នោត មានន័យថា បោះឆ្នោតក្នុងចិត្ត ឲ្យ គណបក្សសង្គ្រោះជាតិ»។

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន និង គ.ជ.ប ដែលបានដកហូតជម្រើសរបស់ប្រជាពលរដ្ឋតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិដែលជាដៃគូរប្រកួតប្រជែងតែមួយគត់របស់លោក ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា។

តាមរយៈការមិនអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា នេះ បានបង្ហាញយ៉ាងច្បាស់ថាគឺជាការបោះឆ្នោតក្លែងក្លាយ ដោយមិនបានឆ្លុះបញ្ជាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវដូចលោក សម រង្ស៊ី ផងដែរក្នុងការធ្វើពហិការមិនទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា នេះ ដោយការមិនទៅបោះឆ្នោតគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ ហើយថែមទាំងគ្មានទោសកំហុសអ្វីនោះទេ ព្រោះគ្មានច្បាប់ចែង ឬអាចបង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតបានឡើយ។

គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិមិនត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ដែលបានធ្វើផ្ទុយពីស្មារតីនៃសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៤៨ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ៕


គណបក្សសង្គ្រោះជាតិ គឺជាគូប្រកួតប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា
ក្រុមអ្នកឃ្លាំមើលនិយាយថាការរំលាយគណបក្សសង្គ្រោះជាតិចេញពីបញ្ជី នយោបាយដោយសាររដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនៅខែកក្កដាខាងមុខ។
របាយការណ៍សម្ងាត់បង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងចាញ់ការបោះឆ្នោតជាតិឆ្នាំ ២០១៨