លោក សម រង្ស៊ី អាចទប់ស្កាត់អំពើឈ្លានពានទឹកដីតាមព្រំប្រទល់ដែន ដោយមិនចាំបាច់ប្រើកម្លាំងកងទ័ព

លោក សម រង្ស៊ី អាចទប់ស្កាត់អំពើឈ្លានពានទឹកដីតាមព្រំប្រទល់ដែន ដោយមិនចាំបាច់ប្រើកម្លាំងកងទ័ព

117
0
SHARE

(ប៉ារីស)៖ លោក ស៊ុន ចន្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ និងជាអតីតជំនួយការផ្ទាល់ លោក សម រង្ស៊ី បានបង្កាញរូបភាពដ៏កម្រមួួយនៅលើគណនេយ្យហ្វេសប៊ុក Facebook របស់លោក ដែលជារូបភាពស្ថាបនិកគណបក្សប្រឆាំងដ៏ល្បីល្បាញបំផុតពីររូប គឺលោក សម រង្ស៊ី និងលោក គង់ គាំ ក្នុងសកម្មភាពចុះទៅការពារព្រំដែនខ្មែរ។

នៅលើរូបភាពនោះ មានការរៀបរាប់ថា «លោក សម រង្ស៊ី និងលោក គង់ គាំ (ប្រធាន និងអនុប្រធាន គណក្ស សម រង្ស៊ី) ទៅការពារព្រំដែនខ្មែរ នៅឃុំចាន់មូល ស្រុកមេមត់ ខេត្តកំពង់ចាម ដោយដង្ហែរបុណ្យផ្កាមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០១ ចូលវត្រឧត្ដុង្គមានជ័យ ភូមិស្រែតានង ដែលអាជ្ញាធរយួនចាត់ទុកថា ស្ថិតនៅលើដែនដីរបស់ខ្លួន តែតាមពិតស្ថិតនៅលើដែនដីរបស់ខ្មែរតាំងពីបូរមបុរាណមក»។

បន្ថែមពីលើការបង្ហោះរូបថតដ៏មានអត្ថន័យនេះ លោក ស៊ុន ចន្ធី បានសរសេររៀបរាប់ថា «លោក សម រង្ស៊ី និងលោក គង់ គាំ គឺជាដៃគូនយោបាយបេះដូងតែមួយ តាំងពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន»។

លោក ស៊ុន ចន្ធី (ពាក់វ៉ែនតា) អមដំណើរ លោក គង់ គាំ ឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ និង លោកស្រី កែ សុវណ្ណរតន៍ ប្រធានក្រុមការងារខេត្តកំពង់ធំ ដឹកនាំយុទ្ធនាការព្រះអាទិត្យរះ នៅខេត្តកំពង់ធំ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅ

គួររបញ្ជាក់ផងដែរថា កាលពីថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ២០០៩ លោក សម រង្ស៊ី ក្នុងនាមជាប្រធាន​គណបក្ស​ប្រឆាំង លោកបាន​ដក​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​ចេញ​ពី​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​គ្រា​ដែល​លោក​បាន​ដឹកនាំ​ការ​ដង្ហែ​អង្គ​កឋិន​ទាន​មួយ​ទៅ​កាន់​តំបន់​នោះ។

ការសម្រេចចិត្តរបស់​លោក សម រង្ស៊ី ក្នុងដក​បង្គោល​ព្រំដែននេះ បានធ្វើឡើងបន្ទាប់ពីលោកបានស្ដាប់ការត្អូញត្អែររបស់​ប្រជាពលរដ្ឋអំពីការបាត់បង់​ដី​ស្រែ​របស់ពួកគាត់ ហើយនៅពេលនោះ លោក សម រង្ស៊ី បានអះអាងថា ការបាត់បង់​ដី​ស្រែ​គឺបណ្ដាលមកពីការវាស់វែងព្រំដែន។ បន្ទាប់មកលោក សម រង្ស៊ី ក៏បានចុះទៅដល់ដីស្រែជាមួយប្រជាពលរដ្ឋ ប្រមាណជា១០០នាក់ រួចក៏សម្រេចដកបង្គោលឈើ៦ដើម ចេញពីដីស្រែរបស់ពួកគាត់។

នៅពេលនោះ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​អ្នក​ណែនាំ​ឲ្យ​ដក​បង្គោល​ហ្នឹង​គ្រវែង​ចោល ជា​និមិត្តរូប​ថា អ្នក​ស្នេហា​ជាតិ​ដែល​គណបក្ស​សមរង្ស៊ី​ធ្វើ​ជា​តំណាង​ថ្ងៃ​នេះ គឺ​អត់​ទទួល​ស្គាល់​ព្រំដែន​ដែល​បរទេស​ឈ្លានពាន​យក​មក​បោះ​យ៉ាង​កំរោល​មក​លើ​ដី​ស្រែ​របស់​ប្រជារាស្ត្រ​ខ្មែរ ដី​ស្រែ​កសិករ​ខ្មែរ ជា​ទឹក​ដី​របស់​ខ្មែរ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ជនជាតិ​ខ្មែរ​ទាំង​អស់​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដែល​មាន​ព្រលឹង​ជា​ខ្មែរ សូម​បង​ប្អូន​រួបរួម​គ្នា​ការពារ​ទឹក​ដី​យើង​ឲ្យ​បាន​គង់វង្ស ទឹក​ដី​យើង​កាន់តែ​រួញ​តូច​ទៅៗ​ហើយ»។

ជាលទ្ធផល ប្រជាពលរដ្ឋទទួលបានដីស្រែរបស់គាត់មកវិញ ចំណែកឯ អាជ្ញាធរយួនបានយកបង្គោល​ព្រំដែនរបស់ខ្លួនទៅដាំនៅកន្លែងចាស់វិញ។ ដោយឡែក លោក សម រង្ស៊ី វិញ ត្រូវបានអាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់លោកថា បានបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ ហើយក្រោម បទចោទប្រកាន់នេះ នៅខែកញ្ញាឆ្នាំ២០១ ០ លោក សម រង្ស៊ី ត្រូវបានតុលាការអាយ៉ងកាត់ទោសដោយ កំបាំងមុខ និងត្រូវផ្តន្ទាទោសឲ្យជាប់គុក១២ឆ្នាំ ដែលត្រូវបានគេមើលឃើញថា មានលក្ខណៈនយោបាយ សុទ្ធសាធ៕