លោក ហូរ វ៉ាន់ សម្ដែងការកោតសរសើរ និងគាំទ្រទាំងស្រុងចំពោះការរួបរួមគ្នានៃបងប្អូនសង្រ្គោះជាតិនៅទ្វីបអាមេរិក

លោក ហូរ វ៉ាន់ សម្ដែងការកោតសរសើរ និងគាំទ្រទាំងស្រុងចំពោះការរួបរួមគ្នានៃបងប្អូនសង្រ្គោះជាតិនៅទ្វីបអាមេរិក

118
0
SHARE

(ប៉ារីស)៖ លោក ហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការវិន័យ នៃគណបក្សសង្រ្គោះជាតិ បានចេញលិខិតស្វាគមន៍ និងសម្ដែងការកោតសរសើចំពោះការរួមកម្លាំងសាមគ្គីគ្នានៃក្រុមអ្នកប្រជាធិបតេយ្យខ្មែរនៅទ្វីបអាមេរិក ស្របតាមឆន្ទៈ និងសំណូមពរដ៏ទទូចរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងនៅក្នុងប្រទេសកម្ពុជា និងនៅអាមេរិក។

និមិត្តរូបនៃគណបក្សសង្គ្រោះជាតិ

លិខិតអបអរសាទររបស់លោក ហូរ វ៉ាន់ បានធ្វើឡើងក្រោយពេលដែលថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិក (CNRP-USA) ដែលមានលោក អ៊ុង រិទ្ធី ជាប្រធាន និងគណបក្សសង្រ្គោះជាតិទ្វីបអាមេរិកខាងជើង (CNRP-NA) ដែលមានលោក ជា គឹមលី ជាប្រធាន បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទក្នុងការបង្រួបបង្រួមគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិក និង គណបក្សសង្រ្គោះជាតិទ្វីបអាមេរិកខាងជើង ដោយបង្កើតជាសាខាគណបក្សតែមួយ។

លោក ហូរ វ៉ាន់ លើកឡើងថា ការរួបរួមនេះ គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំ និងឆន្ទៈដ៏មោះមុតរបស់សាខាគណបក្សសង្រ្គោះជាតិ សហរដ្ឋអាមេរិក (CNRP-USA) និងក្រុមទ្រទ្រង់គណបក្សសង្រ្គោះជាតិ ទ្វីបអាមេរិកខាងជើង (CNRP-NA) ដើម្បីបុព្វហេតុជាតិ និងគោលដៅរួមរបស់គណបក្សសង្រ្គោះជាតិ ក្នុងការសង្រ្គោះជាតិមាតុភូមិកម្ពុជាពីគ្រោះមហន្តរាយ ឲ្យទាន់ពេលវេលា។

គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិក ដែលមានលោក Rithy Uong ជាប្រធាន និងគណបក្សសង្រ្គោះជាតិទ្វីបអាមេរិកខាងជើង ដែលមានលោក Kimly Chea ជាប្រធាន បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទក្នុងការបង្រួបបង្រួមគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិក និង គណបក្សសង្រ្គោះជាតិទ្វីបអាមេរិកខាងជើង ដោយបង្កើតជាសាខាគណបក្សតែមួយ ដែលមានឈ្មោះជាភាសាខ្មែរថា “គណបក្សសង្រ្គោះជាតិ អាមេរិក” ឈ្មោះជាភាសាអង់គ្លេសថា “Cambodia National Rescue Party of Americas”។

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិក អះអាងថា ការរួមគ្នាបង្កើតជាសាខាគណបក្សតែមួយនេះ “គណបក្សសង្រ្គោះជាតិ អាមេរិក” គឺដើម្បីសម្របខ្លួនទៅនឹងស្ថានការណ៍នយោបាយដ៏អាក្រក់ ដែលតម្រូវឲ្យអ្នកប្រជាធិបតេយ្យត្រូវតែរួបរួមកម្លាំងសាមគ្គី ដើម្បីការពារសិទ្ធិ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងជាន់ឈ្លី និងបំផ្លិចបំផ្លាញដោយជនផ្ដាច់ការនៅកម្ពុជា។ ជាងនេះទៅទៀត ការលេចរូបរាងចេញនៃ “គណបក្សសង្រ្គោះជាតិ អាមេរិក” គឺតម្រូវតាមការទាមទារ និងសំណូមពរដ៏ទទូចរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅអាមេរិក។

គណបក្សសង្រ្គោះជាតិ អាមេរិក មានសមាសភាពដឹកនាំដូចតទៅនេះ៖
១ លោក Rithy Uong ប្រធាន
២ លោក Kimly Chea អនុប្រធាន
៣ លោក BunRong By អគ្គលេខាធិការ
៤ លោក Mara Chin អគ្គលេខាធិការរង
៥ លោក Tithia Sum អគ្គហេរញ្ញិក
៦ លោក Serei Tung លេខាធិការអគ្គហេរញ្ញិក
៧ លោក Bora Roath ទទួលបន្ទុកទំនាក់ទំនងសាធារណៈ៕

លោក Rithy Uong (រូបខាងស្ដាំ) និងលោក Kimly Chea (រូបខាងឆ្វេង)
សម រង្ស៊ី៖ “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។
ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។
គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។”