ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​រដ្ឋមន្ត្រី​ការបរទេស​ខ្លួន​ ពិតជាបាន​លើកឡើងពីវិបត្តិនយោបាយនៅកម្ពុជា

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​រដ្ឋមន្ត្រី​ការបរទេស​ខ្លួន​ ពិតជាបាន​លើកឡើងពីវិបត្តិនយោបាយនៅកម្ពុជា

164
0
SHARE
លោកតារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

(ប៉ារីស)៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តារ៉ូ កូណូ (Taro Kono) ពិតជា​លើក​យក​បញ្ហា​នយោបាយ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន កាលពី​ថ្ងៃទី៨ ខែ​មេសា កន្លង​ទៅ​នេះ។

ទីប្រឹក្សា​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី (Hironori SUZUKI) បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី១០ ខែ​មេសា នេះ​ថា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តារ៉ូ កូណូ ពិតជា​បាន​បញ្ជាក់​ប្រាប់​របប​លោក ហ៊ុន សែន អំពី​ជំហរ​របស់​ប្រទេស​ជប៉ុន ដែល​នៅតែ​ទទូច​ឲ្យ​របប​នេះ ធានា​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា ខាងមុខនេះ ដោយ​ធ្វើ​យ៉ាងណា ឲ្យ​ប្រព្រឹត្តទៅ​ឲ្យ​បាន​សមស្រប ដើម្បី​ឆ្លុះបញ្ចាំង ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ឆ្នោត។

លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី បញ្ជាក់​បន្ថែម​ថា ប្រទេស​ជប៉ុន គឺជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា ដែល​បន្ត​ជួយ​កសាង​ជាតិ​កម្ពុជា តាំងពី​ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល ដើម្បី​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​នឹង​គេ។ លោក​បញ្ជាក់​បន្ថែម​ថា ទស្សនកិច្ច​នេះ គឺ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាំងពី​ក្រោយ របប​លោក ហ៊ុន សែន ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ រម្លាយ​គណបក្ស​ប្រឆាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន បាន​សម្ដែង ក្តី​ព្រួយបារម្ភ ពី​ស្ថាន​ការ​អាក្រក់​ផ្នែក​នយោបាយ នៅ​កម្ពុជា និង​ស្នើ​ឲ្យ​អ្នកនយោបាយ នៃ​គណបក្ស​ធំៗ​ទាំងពីរ ងាក​មក​រក​ការ​ចរចា ដើម្បី​មាន​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ មុន​ការ​បោះឆ្នោត​ជាតិ។ ប្រទេស​ជប៉ុន ព្រួយបារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​បែបនេះ និង​តែងតែ​លើក​យក​បញ្ហា​នេះ មក​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ រៀងរាល់​ជំនួប​ផ្លូវការ​កន្លងមក។

ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​ច្រានចោល​ជំហរ ចង់​មាន​ដំណោះស្រាយ​នយោបាយ នៅមុន​ការ​បោះឆ្នោត​ជាតិ។ មិនតែប៉ុណ្ណោះ របប​លោក ហ៊ុន សែន ព្យាយាម​លាក់បាំង​ព័ត៌មាន អំពី​ជំហរ​ប្រទេស​ជប៉ុន ដែល​តែងតែ​ចង់​ឃើញ​ស្ថានភាព​ប្រសើរ​ជាង​នេះ ព្រោះ​ជប៉ុន​ចង់​ឃើញ​ការបោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មាន​ការចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ រួម​ទាំង​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ។ សេចក្ដីថ្លែងហេតុ របស់​ក្រសួងការបរទេស​កម្ពុ​ជា ក្រោយ​ជំនួប​ជាមួយ​ភាគី​ជប៉ុន​នេះ មិនបាន​រៀបរាប់​សូម្បី​តែមួយ​ម៉ាត់ អំពី​អ្វី​ដែល​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លើកឡើង​អំពី​រឿង​នយោបាយ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី៨ ខែ​មេសា នោះ​ទេ៕
ប្រភព៖ RFA Khmer (https://www.rfa.org)

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen’s Facebook Page