អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញមុខបកស្រាយអំពី «សាវតារ ក្រុមខ្មែរក្រហម»

អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញមុខបកស្រាយអំពី «សាវតារ ក្រុមខ្មែរក្រហម»

244
0
SHARE

(ប៉ារីស) ៖ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានចេញមុខបកស្រាយអំពីសាវតារ ក្រុមខ្មែរក្រហម។ ការបកស្រាយរបស់លោក បានធ្វើឡើង នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook នៅគ្រាដែលរដ្ឋាភិបាល លោក ហ៊ុន សែន ដែលមានប្រភពចេញពីរបបខ្មែរក្រហមនេះ កំពុងតែរម្លឹកខួប ថ្ងៃ៧ មករា ដែលពួកគេបង្វែរថា ជាទិវាជ័យជម្នះសម្រាប់ជនជាតិខ្មែរ។

តើក្រុមខ្មែរក្រហម មានសាវតារ ដូចម្ដេចខ្លះ?
សូមបងប្អូនជនរួមជាតិ ទទួលយកការបកស្រាយរបស់ លោក អេង ឆៃអ៊ាង ដូចតទៅ៖

ខ្មែរក្រហម

«ខ្មែរក្រហម» ជាឈ្មោះ «ពួកក្រុមខ្មែរកុម្មុយនិស្ត» ដែល យួន ហូ ជីមិញ ជាអ្នកបង្កើត បង្រៀន និងមើលការខុសត្រូវ ហើយ ចិន ម៉ៅ សេទុង ជាអ្នកជួយចិញ្ចឹម ។ និយាយឲ្យស្រួលស្តាប់ យួន ប្រៀបដូច ” ម្តាយ ” ហើយ ចិនប្រៀបដូច ” ឪពុក “របស់ ” ខ្មែរក្រហម ” ។ កត្តានេះហើយ បានធ្វើឲ្យមនុស្សនៅក្នុង ក្រុម ” ខ្មែរក្រហម ” មានពីរក្រុម គឺ ក្រុមនិយមម្តាយ (យួន) និងក្រុមនិយមឪពុក (ចិន) ។

បន្ទាប់ពីក្រុមលោក លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នាថ្ងៃទី១៨ មិនា ឆ្នាំ១៩៧០ យួន និងចិន បានជួយក្រុមខ្មែរក្រហម យ៉ាងពេញទំហឹង ឲ្យឡើងគ្រប់គ្រងអំណាចនៅកម្ពុជានាថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ រហូតដល់បច្ចុប្បន្ន ។

ព្រឹត្តិការណ៍ថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ កើតឡើងដោយសារតែ ចិន និង យួនមានទំនាស់គ្នា បានធ្វើឲ្យក្រុមខ្មែរក្រហម ដែលនិយមចិន និង យួន ឈ្លោះគ្នារហូតដល់មានការកាប់សម្លាប់គ្នា ហើយរាលដាលទៅដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ ។ ពេលនោះក្រុមខ្មែរក្រហមនិយមយួន ដែលមានអំណាចតិចជាងក្រុមខ្មែរក្រហមនិយមចិន បាននាំគ្នារត់មកប្តឹង និងពឹងម្តាយ(យួន) ឲ្យជួយ ។

គាប់ជួននឹងការមិនសប្បាយចិត្តនឹងក្រុម ប៉ុល ពត ដែលមិនព្រមនាំកម្ពុជាចូលក្នុងសហព័ន្ធឥណ្ឌូចិនតាមនយោបាយ ហូ ជីមិញ ស្រាប់ផង យួនក៏បានរៀបចំកម្លាំង ហើយលើកទ័ពរាប់សែននាក់ ចូលឈ្លានពានកម្ពុជា បណ្តេញក្រុមខ្មែរក្រហម ប៉ុល ពត ចេញពីអំណាច នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយលើកបន្តុបក្រុមខ្មែរក្រហម ហេង សំរិន ហ៊ុន សែន ដែលនិយមខ្លួនឲ្យ គ្រប់គ្រងអំណាចបន្ត ។

បន្ទាប់ពីត្រូវរ៉ូវគ្នាវិញ ក្រោយពេលសហភាពសូវៀតដួលរលំ ចិន និងយួន ក៏បានជួយសម្របសម្រួលឲ្យខ្មែរក្រហមទាំងពីរក្រុម ដែលជាកូនរបស់ខ្លួនធ្វើការជាមួយគ្នាវិញ ការពារគ្នារឿងកាប់សម្លាប់មនុស្សពីអតីតកាល ហើយធានាជួយការពារអំណាចយ៉ាងពេញទំហឹងថែមទៀតផង ដូចជនរួមជាតិបានឮ និងឃើញស្រាប់ ។

នេះជាការកត់សម្គាល់ខ្លះៗ ខ្លីៗ របស់ លោក អេង ឆៃអ៊ាង អំពីសាវតារក្រុមខ្មែរក្រហម ៕

រូបភាពឯកសារ ៖ លោក សោ ភឹម (រូបពាក់មួកកណ្តឹប) កងទ័ពវៀតណាម និងកងកម្លាំងខ្មែរក្រហម នាឆ្នាំ១៩៧៣

រូបថតអនុស្សាវរីយ៍ លោក អេង ឆៃអ៊ាង ជាមួយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ