អ្នកនយោបាយ ដែលត្រូវបានគេនិរទេស ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា

អ្នកនយោបាយ ដែលត្រូវបានគេនិរទេស ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា

146
0
SHARE

(ប៉ារីស)៖ ការនិរទេស គឺជាវិធានការនយោបាយតាមរបៀបផ្តាច់ការ ដែលរដ្ឋអំណាចណាមួយ អនុវត្តចំពោះតួអង្គនយោបាយណាម្នាក់ ដែលគេចង់បញ្ឈប់សកម្មភាពនយោបាយ ដោយបំបាត់វត្តមាន គឺបណ្តេញចេញពីប្រទេសកំណើត របស់តួអង្គនយោបាយនោះ ។

ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានតួអង្គនយោបាយយ៉ាងតិច ៤ រូប ដែលត្រូវរដ្ឋអំណាចក្នុងសម័យណាមួយ បាននិរទេសមិនឲ្យមានវត្តមាន នៅលើទឹកដីប្រទេសកម្ពុជា ដោយសារតែរដ្ឋអំណាចសម័យនោះ មានការភ័យខ្លាចចំពោះប្រជាប្រិយភាព របស់ឥស្សរជនប្រឆាំងគេនោះ ដែលអាចផ្តួលរំលំរបបគេ។ ឥស្សរជននយោបាយទាំង ៤ រូប ដែលគេបាន ឬកំពុងនិរទេសនោះ មានដូចតទៅ ៖ ១- លោក សឺង ង៉ុកថាញ់ (១៩០៨ – ១៩៧៧) ត្រូវបានអាជ្ញាធរអាណានិគមនិយមបារាំង និរទេសចេញពីប្រទេសកម្ពុជា ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥១។ ២- លោក ប៉ែន សុវណ្ណ (១៩៣៦ – ២០១៦) ត្រូវបានអាជ្ញាធរអាណានិគមនិយមវៀតណាម និរទេសចេញពីប្រទេសកម្ពុជា ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩១។ ៣- សម្តេចព្រះនរោត្តម សីហនុ (១៩២២ – ២០១២) ត្រូវបានរបបសាធារណរដ្ឋរបស់លោក លន់ នល់ និរទេសព្រះអង្គ ឲ្យគង់នៅក្រៅប្រទេស ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ បន្ទាប់ទៅទៀត ព្រះអង្គត្រូវបានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (ជា ស៊ីម, ហេង សំរិន, ហ៊ុន សែន) ក្រោមអាណានិគមនិយមវៀតណាម និរទេសព្រះអង្គ ឲ្យគង់នៅក្រៅប្រទេស ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១។ ៤- លោក សម រង្ស៊ី (កើតឆ្នាំ ១៩៤៩) ត្រូវបានរបបផ្តាច់ការរបស់លោក ហ៊ុន សែន និរទេស ឲ្យនៅក្រៅប្រទេស ៣ ដងជាបន្តបន្ទាប់ គឺលើកទី ១ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦, លើកទី ២ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ និងលើកទី ៣ ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន។

១- ការនិរទេសរបស់ លោក សឺង ង៉ុកថាញ់

លោក សឺង ង៉ុកថាញ់ (១៩០៨ – ១៩៧៧) ត្រូវបានអាជ្ញាធរអាណានិគមនិយមបារាំង និរទេសចេញពីប្រទេសកម្ពុជា ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥១។

លោក សឺង ង៉ុកថាញ់ ជាអ្នកស្នេហាជាតិខ្មែរមួយរូប តាំងពីសម័យលោកអាចារ្យ ហែម ចៀវ នៅដើមទស្សវត្សឆ្នាំ ១៩៤០ ដែលបានប្រឆាំងអាណានិគមនិយមបារាំង ដើម្បីទាមទារឯករាជ្យ ជូនប្រទេសកម្ពុជា។ លោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ពីរលើក។ លើកទី១ នៅឆ្នាំ ១៩៤៥ បន្ទាប់ពីកងទ័ពជប៉ុនបានបង្ក្រាបរដ្ឋអំណាចអាណានិគមនិយមបារាំង មួយរយៈពេលខ្លី ក្នុងសង្គ្រាមលោកលើកទី២។ លោក សឺង ង៉ុកថាញ់ បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីលើកទី២ នៅឆ្នាំ ១៩៧២ មួយរយៈពេលខ្លីម្តងទៀត ក្រោមរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់។

នៅឆ្នាំ ១៩៤៦ បន្ទាប់ពីកងទ័ពអាណានិគមនិយមបារាំង បានវិលត្រឡប់មកគ្រប់គ្រងប្រទេសកម្ពុជាវិញ ក្រោយសង្គ្រាមលោកលើកទី២ លោក សឺង ង៉ុកថាញ់ ត្រូវបានអាជ្ញាធរបារាំងនិរទេស ដោយចាប់បញ្ជូនទៅឃុំឃាំងនៅប្រទេសបារាំង អស់រយៈពេល ៥ ឆ្នាំ។ រដ្ឋអំណាចអាណានិគមនិយមបារាំងពេលនោះ មានការភ័យខ្លាចចំពោះប្រជាប្រិយភាពរបស់លោក សឺង ង៉ុកថាញ់ ដោយសារតែលោក សឺង ង៉ុកថាញ់ អាចប្រមែប្រមូលកម្លាំងស្នេហាជាតិ ដើម្បីទាមទារឯករាជ្យពីប្រទេសបារាំងកាន់តែឆាប់ឡើង។ ក្រោយពេលប្រទេសកម្ពុជា បានទទួលឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ ១៩៥៣ លោក សឺង ង៉ុកថាញ់ បានដឹកនាំចលនាខ្មែរសេរី ប្រឆាំងសម្តេចព្រះនរោត្តម សីហនុ រហូតដល់រដ្ឋប្រហារឆ្នាំ ១៩៧០។ លោក សឺង ង៉ុកថាញ់ ដែលមានដើមកំណើតនៅកម្ពុជាក្រោម បានទទួលអនិច្ចកម្ម នៅឆ្នាំ ១៩៧៧ ក្នុងពន្ធនាគារប្រទេសវៀតណាមកុម្មុយនីស្ត។

២- ការនិរទេសរបស់ លោក ប៉ែន សុវណ្ណ

លោក ប៉ែន សុវណ្ណ (១៩៣៦ – ២០១៦) ជាអ្នកស្នេហាជាតិខ្មែរមួយរូប ដែលត្រូវបានអាជ្ញាធរអាណានិគមនិយមវៀតណាម និរទេសចេញពីប្រទេសកម្ពុជា ឲ្យទៅជាប់គុកនៅទីក្រុងហាណូយ អស់រយៈពេល ១០ ឆ្នាំ ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩១។

លោក ប៉ែន សុវណ្ណ ជាបិតាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានប្រមូលកម្លាំងខ្មែរក្នុងស្រុកមួយចំនួន ដោយមានការគាំទ្រពីកងទ័ពប្រទេសវៀតណាម ដើម្បីផ្តួលរំលំរបបខ្មែរក្រហមរបស់លោក ប៉ុល ពត។ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្តុបឡើងដោយកងទ័ពប្រទេសវៀតណាម នៅឆ្នាំ ១៩៧៩ លោក ប៉ែន សុវណ្ណ កាន់តំណែងខ្ពង់ខ្ពស់ជាងគេ និងមានអំណាចខ្លាំងជាងគេ ក្នុងឋានៈលោកជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍កម្ពុជា និងជានាយករដ្ឋមន្ត្រីមុនគេបង្អស់ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ ១៩៧៩។

ទោះជាលោក ប៉ែន សុវណ្ណ បានពឹងពាក់កងទ័ពប្រទេសវៀតណាម ឲ្យជួយផ្តួលរំលំរបបខ្មែរក្រហមប្រល័យពូជសាសន៍ក៏ដោយ តែលោកមានគំនិតស្នេហាជាតិ ចង់ការពារទឹកដីប្រទេសកម្ពុជាឲ្យនៅគង់វង្ស ហើយលោកក៏បានហ៊ានតវ៉ាការហូរចូលនិគមយួន មកក្នុងទឹកដីប្រទេសកម្ពុជា ដោយសារតែលោកយល់ច្បាស់ថា គេបញ្ចូលនិគមយួនទាំងនោះ ក្នុងគោលបំណងអនុវត្តនយោបាយអាណានិគមនិយមប្រទេសវៀតណាម មកលើប្រទេសកម្ពុជា។ បន្ទាប់ពីបានកត់សម្គាល់ ការប៉ុនប៉ងរើបម្រះរបស់លោក ប៉ែន សុវណ្ណ ពីអាណានិគមនិយមប្រទេសវៀតណាម ហើយដោយសារតែមានការភ័យខ្លាចចំពោះប្រជាប្រិយភាពលោក ប៉ែន សុវណ្ណ ដែលអាចប្រមែប្រមូលកម្លាំងស្នេហាជាតិ ដើម្បីរំដោះប្រទេសកម្ពុជា ក៏អាជ្ញាធរវៀតណាមសម្រេចចាប់លោក ប៉ែន សុវណ្ណ ហើយនិរទេសលោកយកទៅឃុំឃាំង នៅប្រទេសវៀតណាម ដើម្បីកុំឲ្យលោកមានឱកាសបង្រួបបង្រួមកម្លាំងខ្មែរស្នេហាជាតិ នៅលើទឹកដីប្រទេសកម្ពុជា ក្នុងគោលបំណងប្រឆាំងយួនឈ្លានពាន។ លោក ប៉ែន សុវណ្ណ បានត្រូវយួនដោះលែងឲ្យមានសេរីភាពឡើងវិញ ហើយវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ ១៩៩១ ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មុនលោកទទួលអនិច្ចកម្ម ក្នុងឆ្នាំ ២០១៦ ថ្មីៗនេះ លោក ប៉ែន សុវណ្ណ បានសម្រេចចិត្តគាំទ្រគណបក្សសង្គ្រោះជាតិ ដែលលោកបានធ្វើជាថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម។

៣- ការនិរទេសរបស់ សម្តេចព្រះនរោត្តម សីហនុ

សម្តេចព្រះនរោត្តម សីហនុ (១៩២២ – ២០១២) ត្រូវបានរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ និរទេសព្រះអង្គ ឲ្យគង់នៅក្រៅប្រទេស ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ បន្ទាប់ទៅទៀត សម្តេចព្រះនរោត្តម សីហនុ ត្រូវបានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមអាណានិគមនិយមវៀតណាម និរទេសព្រះអង្គ ឲ្យគង់នៅក្រៅប្រទេស ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ដោយសារតែពេលនោះ របបចំណុះយួន ដឹកនាំដោយលោក ជា ស៊ីម, លោក ហេង សំរិន និងលោក ហ៊ុន សែន បានចោទព្រះអង្គ ថាជាជនក្បត់ជាតិ។ ជាពិសេស របបសាធារណរដ្ឋប្រជាមានិតកម្ពុជានេះ (១៩៧៩ – ១៩៩១) មានការភ័យខ្លាចចំពោះប្រជាប្រិយភាពរបស់សម្តេចព្រះនរោត្តម សីហនុ ដែលក្នុងសម័យនោះ ព្រះអង្គអាចប្រមែប្រមូលកម្លាំងខ្មែរអ្នកស្នេហាជាតិ ដើម្បីដេញយួន ហើយទាមទារឲ្យប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញ សាជាថ្មីម្តងទៀត ដូចកាលពេលដែលព្រះអង្គបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នៅឆ្នាំ ១៩៥៣។ សរុបសេចក្តីទៅ មេដឹកនាំរបបសាធារណរដ្ឋទាំងពីរខាងលើនេះ បាននិរទេសសម្តេចព្រះនរោត្តម សីហនុ ឲ្យព្រះអង្គគង់នៅក្រៅប្រទេសជាយូរឆ្នាំ ដើម្បីកុំឲ្យព្រះអង្គមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជា បន្ទាប់ពីអ្នកដឹកនាំប្រទេសកម្ពុជាពេលនោះ បាន លាបពណ៌ ចោទប្រកាន់ និងផ្តន្ទាទោសព្រះអង្គដោយអយុត្តិធម៌ សព្វគ្រប់បែបយ៉ាង។

៤- ការនិរទេសរបស់លោក សម រង្ស៊ី

លោក សម រង្ស៊ី (កើតឆ្នាំ ១៩៤៩) ត្រូវបានរបបផ្តាច់ការរបស់លោក ហ៊ុន សែន និរទេស ឲ្យនៅក្រៅប្រទេស ៣ ដងជាបន្តបន្ទាប់ គឺលើកទី ១ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦, លើកទី ២ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ និងលើកទី ៣ ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន។ មូលហេតុ នៃការនិរទេសនេះ គឺមិនខុសពីមូលហេតុ នៃការនិរទេសលោក សឺង ង៉ុកថាញ់ លោក ប៉ែន សុវណ្ណ និងសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យមុនៗនោះទេ។ និយាយឲ្យខ្លី គឺលោក ហ៊ុន សែន មានការភ័យខ្លាចចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ដែលកំពុងតែប្រមែប្រមូលកម្លាំងខ្មែរអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកស្រលាញ់យុត្តិធម៌ ឲ្យរួបរួមគ្នាក្នុងជួរគណបក្សសង្គ្រោះជាតិ ដើម្បីនាំមកនូវការផ្លាស់ប្តូរ នៅប្រទេសកម្ពុជា ស្របតាមឆន្ទៈប្រជារាស្ត្រខ្មែរទាំងមូល។ ក្នុងគោលបំណង បញ្ឈប់សកម្មភាពនយោបាយរបស់លោក សម រង្សុី ដោយបង្ករឿងកុំឲ្យអ្នកប្រឆាំងនេះ មានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាទៀត របបលោក ហ៊ុន សែន បាននិងកំពុងប្រើតុលាការអាយ៉ងរបស់គេ ដើម្បីលាបពណ៌ និងផ្តន្ទាទោសលោក សម រង្ស៊ី សព្វគ្រប់បែបយ៉ាងទាំងអស់ យ៉ាងអយុត្តិធម៌ជាទីបំផុត។ តែលោក ហ៊ុន សែន យល់ខុសទាំងស្រុង ក្នុងការនឹកស្មានថាអាចកាត់បន្ថយឥទ្ធិពលនយោបាយ របស់លោក សម រង្ស៊ី ពីព្រោះសម័យនេះ មិនដូចសម័យមុនៗទេ ដោយសារតែក្នុងសម័យបច្ចុប្បន្ននេះ មានមធ្យោបាយផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដូចជាបណ្តាញសង្គម Facebook ជាដើម។ ម្យ៉ាងវិញទៀត ឧត្តមគតិលោក សម រង្ស៊ី បានជ្រួតជ្រាបទៅក្នុងបេះដូងប្រជារាស្ត្រខ្មែររួចទៅហើយ មានន័យថា សម រង្ស៊ី មិនមែនគ្រាន់តែជាបុគ្គលមួយរូបទេ តែមាន សម រង្ស៊ី រាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដែលនឹងនាំមកនូវការផ្លាស់ប្តូរឲ្យទាល់តែបាន នៅឆ្នាំ ២០១៧ និង ២០១៨៕