អ្វីទៅដែលហៅថា គណបក្សប្រឆាំង?

អ្វីទៅដែលហៅថា គណបក្សប្រឆាំង?

189
0
SHARE
ក្រុមអ្នកឃ្លាំមើលនិយាយថាការរំលាយគណបក្សសង្គ្រោះជាតិចេញពីបញ្ជី នយោបាយដោយសាររដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនៅខែកក្កដាខាងមុខ។

(ប៉ារីស)៖ គណបក្សប្រឆាំង គឺជាគណបក្សដែលមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នាជាមួយគណបក្សកាន់អំណាច ហើយមិនចូលរួមក្នុងការដឹកនាំរាជរដ្ឋាភិបាល។

នៅកម្ពុជា មានគណបក្សនយោបាយតែ២ប៉ុណ្ណោះ ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើស លុបពីប្រជាពលរដ្ឋម្ចាស់ឆ្នោត គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែល ជាគណបក្សប្រឆាំង។ លទ្ធផលបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ បានបង្ហាញថា គណបក្សកាន់អំណាច ឈ្នះការគាំទ្រចំនួន ៣,៤៥០,០៥៦ សំឡេង គឺស្មើនឹងប្រមាណ ៥០.៧៦% នៃចំនួនអ្នកបោះឆ្នោតសរុប។ ដោយឡែក គណបក្សប្រឆាំង ឈ្នះការគាំទ្រចំនួន ៣,០៥៦,៨២៤ សំឡេង គឺស្មើនឹងប្រមាណ ៤៣.៨៣% នៃចំនួនអ្នកបោះឆ្នោត សរុប។

ផ្អែកលើលទ្ធផលខាងលើនេះ ឃើញថា គណបក្សកាន់អំណាច ឈ្នះបានសំឡេងឆ្នោតច្រើនជាង គណបក្សប្រឆាំង ត្រឹមតែចំនួន ៣៩៣,២៣២ សំឡេងប៉ុណ្ណោះ គឺស្មើនឹងប្រមាណ ៧.៤៩%។ សំឡេងគាំទ្រប្រហាក់ប្រហែលគ្នានេះហើយ ទើបមានន័យថា ជាគណបក្សប្រឆាំងពិតប្រាកដ។ ចំណែកគណបក្សមួយចំនួនទៀត ដែលមានសព្វថ្ងៃ គឺទទួលបានសំឡេងគាំទ្រតិចតួច បំផុតពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលគណបក្សខ្លះទទួលបាន ១.៩០% ខ្លះបាន ១.៧៦% ខ្លះបាន១.១៣% ខ្លះបាន០.៤៥% និងខ្លះទៀតបាន ០.០២% ជាដើម។ គណបក្សទាំងនេះ មិនមែនជាគណបក្សប្រឆាំងទេ ពោលគឺជាគណបក្សដែលគាំទ្រគណបក្សកាន់អំណាច។

ដូច្នេះ សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខនេះ គឺចាំបាច់ណាស់ត្រូវតែមានវត្តចូលរួមរបស់គណបក្សប្រឆាំងដែលមានសំឡេងគាំទ្រប្រហាក់ប្រហែលគណបក្សកាន់អំណាច ទើបការបោះឆ្នោតនោះប្រព្រឹត្តទៅតាមលក្ខណៈសេរី យុត្តិធម៌ និងប្រជាធិបតេយ្យ ពិតប្រាកដ ហើយបានទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

យុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នាព្រឹត្តការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅ

ប៉ុន្តែបើការបោះឆ្នោតខាងមុខនេះ មានតែគណបក្សកាន់អំណាច និងគណបក្សតូចៗដែលគាំទ្រគណបក្សកាន់អំណាច ចូលរួមក្នុងការបោះឆ្នោត នោះមានន័យថា គឺជាការបោះឆ្នោតដែលគ្មានន័យ កាបោះឆ្នោតលេងសើច បោះឆ្នោតបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ គ្មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យ ហើយរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតនេះ គឺគ្មានការទទួលស្គាល់ពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិឡើយ។ ការណ៍នេះ នឹងធ្វើឲ្យកម្ពុជា ជួបវិបត្តិផ្ទៃក្នុងដ៏ធ្ងន់ធ្ងរ ហើយអាចនឹង មានជម្លោះរវាងខ្មែរនិងខ្មែរ ឈានទៅដល់ការបែកបាក់ឯកភាពជាតិ។ ជាមួយគ្នានេះ កម្ពុជា នឹងរងនូវវិបត្តិសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរថែមទៀត តាមរយៈនៃការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មពីសហគមន៍អន្តរជាតិ ដែលមានដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម ដោយសារតែកម្ពុជាមិនបានគោរពនូវគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។

ដើម្បីបញ្ចៀសបញ្ហាប្រឈមទាំងនេះ មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន គួរអនុញ្ញាតឲ្យមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងដើម្បីឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម៕

រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។